បុរសម្នាក់ត្រូវរថយន្តដឹកសម្រាមក្រុមហ៊ុនសុិនទ្រីបុកហើយកិនចំពាក់កណ្តាលខ្លួនរងរបួសធ្ងន់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកសម្រាមរបស់ក្រុមហ៊ុនសុិនទ្រីបុកជាមួយម៉ូតូនិងកិនចំពាក់កណ្តាលខ្លួនជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១៧ នៅចំណុចមុខផ្សរស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងភូំិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកស្ម្រាមរបស់ក្រុមហ៊ុនសុិនទ្រី ពណ៌លឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត មកដល់ចំណុចកើតហេតុបានគេចពីរុឺម៉កម៉ូតូមួយគ្រឿង ស្រាប់តែជ្រុលទៅបុកជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល 1M-4144ធ្វើដំណើររក្នុងទិសដៅពីកើតទៅលិច ​តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត បណ្តាលអោយម៉ូតូជនរងគ្រោះដួលក្រោមរថយន្តត្រូវរថយន្តអូសប្រហែល១០ម៉ែត្រនិងកិនចំពាក់កណ្តាលខ្លួនបណ្តាលអោយរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន សួគ៌ា ចំណែកអ្នកបើកបររថយន្តបង្កររត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះខាងលើមានឈ្មោះ​ កែវ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្ករ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្ទឹងមានជ័យដើម្បីរងចាំការដោះស្រាយជាបន្ត៕

 

COMMENTS