គ្រលំភួយសម្ងំជក់គ្រឿងញៀននៅកណ្តាលវាលគ្មានខ្លាចញញើតសមត្ថកិច្ចសោះ

រាជធានីភ្នំពេញ៖ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចសួនច្បារក្បែរស្តុបផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសទាំង២នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ ហើយអ្នកទាំង២ជាអ្នកដើរសុំទានតាមផ្លូវ។ តាមសម្តីបុរសជាអ្នកសុំទាននោះបានឲ្យដឹងថា ខ្លួនតែងតែដើរសុំទានតាមស្តុបផ្សារដើមគ ដោយរកបានប្រាក់ប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀល លុះពេលបានប្រាក់ក៏យកទៅទិញថ្នាំញៀនយកមកជក់ ដោយយកភួយមកគ្រលំសម្ងំជក់នៅលើសួនច្បារក្បែរស្តុបផ្សារដើមគនោះតែម្តង។

តាមសម្តីបុរសជាអ្នកសុំទានខាងលើ បានអះអាងថា ខ្លួនតែងដើរសុំទានគេជាប្រចាំនៅស្តុបផ្សារដើមគរនេះ ដោយក្នុងមួយថ្ងៃអាចរកប្រាក់បានប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ លុះពេលបានប្រាក់ដល់ដៃហើយ ខ្លួនក៏បានទៅទិញថ្នាំញៀន យកមកប្រើប្រាស់ក្នុងតម្លៃ២ម៉ឺនរៀល ហើយដោយមិនមានកន្លែងលាក់លៀមជក់ ក៏យកភួយមកគ្រលំ រួចសម្ងំជក់នៅលើសួនច្បារក្បែរស្តុបផ្សារដើមគ ចំណែកឯបុរសម្នាក់ទៀតអង្គុយជក់ថ្នាំក្បែរគ្នាគ្មានញញើតខ្លាចសមត្ថកិច្ចទាល់តែសោះ។

ក្រោយធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកអ្នកទាំង២ទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗសម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីពួកគាត់បានបន្សាបសារធាតុញៀនអស់៕