លួចទូរស័ព្ទគេបានសម្រេចហើយ តែមកជាប់ខ្នោះ ដោយសារស្រោមទូរស័ព្ទទៅវិញ

កណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងអំពើលួច កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឪពុកជនរងគ្រោះស្ថិតក្នុងភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានយកទូរស័ព្ទ២គ្រឿងម៉ាក iPhone 7 plus និង Galaxy Note4 ទៅដាក់ក្នុងស្បោងខ្មៅបញ្ចូលថ្មនៅចំហៀងផ្ទះខាងកើត ហើយជនរងគ្រោះ និងប្រពន្ធកូនដេកលង់លក់លើផ្ទះដោយមានបើកអំពូលភ្លើងតូចមួយចោល។ លុះវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកក្កដា​​ ឆ្នាំ២០១៧ ជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទដៃទាំង២គ្រឿងដោយបានដោះស្រោមទូរស័ព្ទទុកនៅក្នុងផ្ទះរបស់ជីតាជនសង្ស័យ លុះព្រឹកឡើងជនរងគ្រោះបានឃើញស្រោមទូរស័ព្ទនោះក៏មានការសង្ស័យទៅប្តឹងសមត្ថកិច្ចនគរបាលអោយជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទដៃទាំង២គ្រឿងរបស់ជនរងគ្រោះពិតមែន។ ជនសង្ស័យខាងលើមានឈ្មោះ សៃ សានម៉ៅ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ចំណែកជនរងគ្រោះមានឈ្មោះ នាង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកចម្រៀង មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើតៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS