ថៃកំពុងតែក្តៅស្លឹកត្រចៀកនឹងអាជីវករចិន ដែលលួចប្រើឈ្មោះពូជធូរ៉េន “ម៉ាន់ថង” របស់ខ្លួន ដើម្បីលក់ក្នុងទីផ្សារចិន

ថៃ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃបានចេញសេចក្តីប្រឆាំងតវ៉ាជាផ្លូវការមួយ ចំពោះអាជីវករចិន ដែលបានប្រើឈ្មោះពូជធូរ៉េនដ៏ល្បីរបស់ខ្លួន “Monthong (ម៉ាន់ថង)” ដើម្បីលក់នៅក្នុងទីផ្សារចិន។ Monthong គឺជាប្រភេទផ្លែធូរ៉េនដ៏ល្បីឈ្មោះ ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ។

បើយោងតាមលោក Thosapone Dansuputra ដែលជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃ បានឲ្យដឹងថា មានអាជីវករចិនជាច្រើនបានទៅចុះបញ្ជីក្នុងក្រសួងពាណិជកម្មចិន ដោយបានប្រើឈ្មោះពូជធូរ៉េនដ៏ល្បីនេះ ដែលក្នុងនោះពួកគេបានសរសេរទាំងជាភាសាចិន និងអង់គ្លេសទៀតផង ដើម្បីផ្សព្វផ្សាយ និងដាក់លក់ក្នុងទីផ្សារចិន។

រហូតមកទល់នឹងពេលនេះ លិខិតប្រឆាំងតវ៉ាខាងលើនេះ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ថៃបញ្ចូនទៅដល់រដ្ឋាភិបាលចិនហើយ តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។​ សូមបញ្ជាក់ថា ពាក្យថា “Monthong” ក្នុងភាសាថៃមានន័យថា “ខ្នើយពណ៌លឿង” ហើយធូរ៉េន Monthong ជាប្រភេទផ្លែធូរ៉េនដ៏មានឈ្មោះល្បី និងមានតម្លៃខ្ពស់បំផុតក្នុងប្រទេសថៃ៕

អត្ថបទ៖ ភក្តី
ប្រភព​៖ bangkokpost