អ្នកនៅក្នុងក្រុងភ្នំពេញ នឹងមានស្ពានអាកាសថ្មើរជើងដំបូងដែលឆ្លងចូលផ្សារទំនើបដូចប្រទេសជិតខាងហើយ

មួយរយៈចុងក្រោយនេះយើងឃើញថាទីក្រុងភ្នំពេញមានការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដោយយើងឃើញមានស្ពានអាកាស សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ស្ទើរគ្រប់តំបន់ ហើយថ្មីៗនេះយើងឃើញមានគម្រោងស្ពានអាកាសថ្មើរជើងថ្មីមួយទៀតដែលជាគម្រោងរបស់ទីក្រុងអូឡាំព្យា ដែលស្ពានអាកាសថ្មើរជើងនេះគឺប្រើប្រាស់សម្រាប់ឆ្លងចូលផ្សារទំនើបអូឡាំព្យា ដែលគម្រោងមួយនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

គម្រោងស្ពានអាកាសថ្មើរជើងនៅកណ្តាលទីក្រុងភ្នំពេញនេះ នឹងមាន៣ច្រកសម្រាប់ចូលទៅកាន់ផ្សារទំនើប ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ថា នឹងចូលតាមច្រកណាខ្លះនោះទេ ព្រោះវិស្វកររបស់ក្រុមហ៊ុនកំពុងចុចយកចំណុចប្រសព្វមួយ ដែលងាយស្រួលក្នុងការអតិថិជនដើរសំដៅចូលទៅក្នុងផ្សារទំនើបមួយនេះ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើងសម្រាប់ដើរចូលផ្សារទំនើបដំបូងគេក្នុងស្រុកមួយនេះ​ ជាស្ពានថ្មើរជើងបែបស្តង់ដារបរទេស ហើយមួយវិញទៀតផ្សារទំនើបដែលទីក្រុងអូឡាំព្យា នឹងដាក់សម្ភោធព្រមគ្នាជាមួយនឹងស្ពានថ្មើរជើងនេះ គឹជាផ្សារទំនើបស្តង់ដារមួយដែលលក់តែផលិតផលគុណភាពខ្ពស់ពីបរទេស នឹងស្របតាមការពេញនិយមរបស់យុវវ័យសម័យថ្មីផងដែរ។

អត្ថបទ៖ រិទ្ធិ