ជនជាតិវៀតណាមបើករថយន្តក្រឡាប់ដោយខ្លួនឯងគៀបស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់នៅស្រុកកំពង់សីលា

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តតាកូម៉ាមួយគ្រឿងជិះធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហមបណ្តាលអោយក្រឡាប់រថយន្តគៀបស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ដែលករនីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនកតហេតុរថយន្តខាងលើម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7692 ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងមិនបានបន្ថយល្បឿនស្រាប់តែឡើងចំណោតហើយធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហមបណ្តាលអោយក្រឡាប់រថយន្តតែម្តង។ ជនរងគ្រោះមានឈ្មោះ ជិន សឿងទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម គៀបស្លាប់ក្នុងរថយន្ត និងឈ្មោះ ហន ស៊ុនវៀត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនិងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ចំណែកសាកសពរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

 

COMMENTS