ឆក់ទៀតហើយ! ឆក់ប៉ះចំជើងជិះម៉ូតូដែរ ជិះដេញតាមដល់ចោរដួលម៉ូតូរត់គេចខ្លួនអស់

ភ្នំពេញ៖ នារីម្នាក់កំពុងជិះម៉ូតូជាមយយសង្សារត្រូវក្រុមចោរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចទាំងព្រឹកព្រលឹម បង្ករអយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

ប្រភពពត៌មានពីនារីរងគ្រោះបានអោយដឹងថា មុនកើតហេតុនាងបានជិះម៉ូតូជាមួយសង្សារក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុមុខផ្ទះលេខ៥៨៨ ស្រាប់តែលេចមុខក្រុមចោរមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់តូរស័ព្ទដៃម៉ាក iPhone7 ពណ៌ក្រហម ដែលនាងកាន់នៅនឹងដៃបានសម្រេច ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាម និងស្រែកចោរៗរហូតមកដល់ចំណុចស្ពានអាកាស៧មករា ជនសង្ស័យបានជិះម៉ូតូទៅបុកពីក្រោយឡានក្រុងបណ្តាលអោយដួលហើយមានគ្នា៣ម៉ូតូទៀតជិះមកពីក្រោយដឹកគ្នាវាគេចខ្លួនអស់បានសម្រេចដោយបន្សល់ទុកម៉ូតូដែលវាជិះធ្វើសកម្មភាពឆក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

COMMENTS