ឧបករណ៍មួយនេះមើលទៅដូចជាស្នាមសាក់ធម្មតា ប៉ុន្ដែវាអាចវាស់ចង្វាក់បេះដូង និងរក្សាទុកទិន្នន័យបាន

មិនយូរទៀតទេ យើងនឹងអាចបោះចោល និងឈប់ប្រើនូវ sensor វាសសុខភាពដែលសំពីងសំពោង ព្រោះអ្នកវិទ្យាសាស្ត្របានបង្កើតនូវឧបករណ៍ថ្មី ដែលមានសមត្ថភាពអាចថតយកទិន្នន័យតាមរយៈស្បែកបាន។ ដោយឡែក ឧបករណ៍នេះគឺមានរូបរាងស្អាតទាន់សម័យ ហើយដូចគ្នាទៅនឹងស្នាមសាក់អញ្ចឹង។ លើសពីនេះទៅទៀត វាមានសមត្ថភាពអាចត្រួតពិនិត្យលើវេជ្ជសាស្រ្តក្នុងរយៈពេលយូរទៀតផង។

គួរបញ្ជាក់ផងដែរថា ឧបករណ៍វាសសុខភាពភាគច្រើនគឺមានបង្កប់នូវប្រព័ន្ធអេឡិចត្រូនិចនៅក្នុងសារធាតុដូចជា ប្លាស្ទីកជាដើម ដើម្បីភ្ជាប់ទៅនឹងស្បែក។ ចំណែឯបញ្ហានោះ គឺសារធាតុប្លាស្ទីកជាធម្មតាមានសភាពរឹង ហើយវានឹងមិនអនុញ្ញាតឲ្យអ្នកកំរើក ផ្លាស់ទី និងបែកញើសបានទេ។ ដូចនេះ ទើបអ្នកវិទ្យាសាស្ត្រព្យាយាមបង្កើតនូវអ្វីដែលថ្មីជំនួសឲ្យឧបករណ៍ចាស់ៗទាំងនោះ។

យោងតាមគេហទំព័រ Nature Nanotechnology អ្នកវិទ្យាសាស្ត្របានប្រើប្រាស់សារធាតុម៉្យាងដែលរលាយក្នុងទឹក ហើយធ្វើឲ្យប្រព័ន្ធអេឡិចត្រូនិចរត់រកស្បែក និងតោងជាប់ ពោលគឺវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាផាសុខភាពជាងមុន និងងាយស្រួលប្រើជាងមុន។ លើសពីនេះទៅទៀត ឆ្លងកាត់ការសាកល្បងពីសំណាកអ្នកចូលរួម 20នាក់ យើងពុំសង្កេតឃើញមានបញ្ហាអ្វីឡើយ។

ជាការពិតណាស់ មានមនុស្សជាច្រើនមានការចាប់អារម្មណ៍លើផលិតផលថ្មីនេះ ព្រោះវាពិតជាអស្ចារ្យ និងមានសមត្ថភាពខ្ពស់ ហើយអ្វីដែលល្អបំផុតនោះគឺវាពិតជាទាន់សម័យ ស្រស់ស្អាត និងស្រួលយកតាមខ្លួន។ ប៉ុន្ដែ សម្រាប់កាលបរិច្ឆេតនៃការចេញលក់របស់ឧបករណ៍នេះ យើងនៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ សូមរងចាំទាំងអស់គ្នា និងអាចស្វែងរកទិញដើម្បីប្រើប្រាស់ជាមួយនឹងសាចញាតិ រឺឪពុកម្ដាយជរាបាន។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS