ឃើញចៅឈរយំនៅមុខផ្ទះ ចុះពីរថយន្តមកលើកចៅពរស្រាប់តែឃើញឈាមហូរដាបពេញក្រោយផ្ទះទើបដឹងថាកូនស្រីត្រូវឃាតករអារ.កសម្លាប់

កំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវឃាតករអារ.កសម្លាប់ដល់លើផ្ទះយ៉ាងសាហាវបំផុតខណៈប្តីរបស់ជនរងគ្រោះចេញទៅដឹកកម្មកររោងចក្រពីព្រឹកព្រលឹម ដែលហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចភូមិសំរោងចាស់ ឃុំអង្គរពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពពត៌មានពីសាច់ញាតិស្ត្រីរងគ្រោះបានអោយដឹងថា មុនកើតហេតុប្តីរបស់ជនរងគ្រោះបានបើករថយន្តទៅដឹកកម្មកររោងចក្រតាំងពីវេលាទៀបភ្លឺ ដោយទុកស្ត្រីរងគ្រោះនៅផ្ទះជាមួយកូនតូច លុះពេលឪពុកស្ត្រីរងគ្រោះមកពីបើកឡានដឹកកម្មករវិញស្រាប់តែឃើញចៅឈរយំនៅមុខផ្ទះក៏ឈប់រថយន្តចូលលើកចៅពរហើយក្រឡេកមើលទៅក្រោមផ្ទះឃើញឈាមស្រក់ពីលើផ្ទះមកជោគដី ក៏បានរត់ឡើងទៅមើលស្រាប់តែឃើញកូនស្រីដេកស្លាប់កណ្តាលផ្ទះដោយមានឈាមជោគខ្លួនទើបផ្អើលឆោឡោទូរស័ព្ទតៅកូនប្រសារជាប្តីស្ត្រីរងគ្រោះអោយត្រឡប់មកផ្ទះ និងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យសាកសព។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ មុន គន្ធា អាយុ២៩ឆ្នាំ ជាកម្មការនីរោងចក្រ ចំណែកបុរសជាប្តីមានឈ្មោះ ព្រំ វណ្ណៈ អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្តដឹកកម្មកររោងចក្រ។

បើតាមការលើកឡើងពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះមិនមានបញ្ហាគំនុំជាមួយនរណានោះទេ តែបើតាមប្រភពខ្សឹបខ្សៀវពីអ្នកជិតខាងបានអោយដឹងដែរថាប្តីស្ត្រីរងគ្រោះមានបញ្ហាពាក់ព័ន្ធរឿងស្រីញីច្រើន​ ដូចនេះការស្លាប់ខាងលើអាចពាក់ព័ន្ធជាមួយប្តីស្ត្រីរងគ្រោះ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់៕

COMMENTS