ច្បាស់មែនទែនហើយ! លើកនេះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Samsung តែម្ដងជាអ្នកប្រកាសទាក់ទងទៅនឹងថ្ងៃចេញលក់នៃ Galaxy Note 8

ជាការពិតណាស់ ពត៌មានជាច្រើន ក៏ដូចជាការបែកធ្លាយ ត្រូវបានយើងទាំងអស់គ្នាសង្កេតឃើញមានទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 8។ ដោយឡែក មានអតិថិជនជាច្រើនរំពឹងថាក្រុមហ៊ុននឹងធ្វើការប្រកាសចេញលក់ម៉ូដែលនេះនាកំឡុងព្រឹត្តិការណ៍ IFA ដែលនឹងធ្វើឡើងក្នុងទីក្រុង Berlin ក្នុងខែកញ្ញា ខាងមុខនេះ ប៉ុន្ដែពាក្យចចាមអារាមនៅតែលើកឡើងថា ក្រុមហ៊ុន Samsung នឹងបំបែកព្រឹត្តិការណ៍ ពោលគឺបង្កើតព្រឹត្តិការណ៍មួយផ្សេងទៀតសម្រាប់កំពូលស្មាតហ្វូន Galaxy Note 8 នេះ។

កាលពីមួយរយៈមុន យើងធ្លាប់លេចលឺដំណឹងថា ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Samsung នឹងត្រូវបានធ្វើឡើងក្នុងទីក្រុង New York នាចុងខែសីហា ខាងមុខនេះ។ ប៉ុន្ដែ សម្រាប់កាលបរិច្ឆេតជាក់លាក់ពីសំណាកក្រុមហ៊ុន យើងនៅមិនទាន់ទទួលបានទេ។ យ៉ាងណាមិញ នាពេលថ្មីៗនេះយើងទទួលបានការបញ្ជាក់ពីសំណាកថ្នាក់ដឹកនាំកំពូលម្នាក់របស់ក្រុមហ៊ុន Samsung លោក Dongjin Koh ដែលគេស្គាល់ថាជាលោក DJ Koh ថា Galaxy Note 8 នឹងលេចមុខលើទីផ្សារនាចុងខែសីហា នេះហើយ។

លើសពីនេះទៅទៀត ក្នុងសប្ដាហ៍នេះលោក Koh និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ក្រុមហ៊ុន Samsung បានទៅធ្វើទស្សនកិច្ចនាកោះតៃវ៉ាន់ ដើម្បីជួបជាមួយនឹងថ្នាក់ដឹកនាំឧស្សាហកម្មទូរគមនាគមន៍ក្នុងស្រុក។ បន្ទាប់មកទៀត ពួកគេបានកំណត់ពេលវេលានៃការបើកវេទិការសំណួរ ចម្លើយមួយ។

យោងតាមសារពត៌មាននៃកោះតៃវ៉ាន់ លោក Koh បាននិយាយថា ក្នុងកោះតែវ៉ាន់មានអតិថិជនរបស់ក្រុមហ៊ុន Samsung ច្រើនណាស់ដែលកំពុងប្រើប្រាស់កំពូលស្មាតហ្វូនម៉ូដែល Galaxy។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានលក់ចេញនូវកំពូលស្មាតហ្វូនត្រកូល Note រហូតដល់ទៅ 2.3លានគ្រឿងសម្រាប់តែទីផ្សារកោះតៃវ៉ាន់តាំងពីឆ្នាំ2011 មកម្លេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Note 8 នឹងត្រូវបានចេញលក់នាកំឡុងខែសីហា។ លោក Koh បន្ថែមថា កំពូលស្មាតហ្វូន Galaxy Note 8 នឹងត្រូវបានប្រកាសចេញលក់ដើមខែកញ្ញា ស្របពេលជាមួយនឹងទីផ្សារមួយចំនួនផ្សេងទៀតនឹងត្រូវរងចាំរហូតដល់កំឡុងខែតុលា។ ទាក់ទងទៅនឹងតម្លៃលោក Koh ពុំបានបញ្ជាក់អ្វីឡើយ។ ចំណែកឯទីតាំងពិតប្រាកដសម្រាប់រៀបចំព្រឹត្តិការណ៍នេះ ក៏លោកមិនបានបញ្ជាក់ដែរ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS