កំពុងតែល្បីរឿងចាប់ក្មេងវះយកគ្រឿងក្នុងផង ស្រាប់តែក្មេងមួយក្រុមមកផ្ទះយឺតខ្លាចឪពុកម្តាយស្តីបន្ទោស មកប្រឌិតរឿងគេបំរុងចាប់ជំរិតដាក់ឡានទៀត

ថៃ៖ កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសថៃបានបែកឆ្លាយព័ត៌មានមួយថា មានជនខិលខូចជាច្រើនបានជិះឡានតាមចាប់ក្មេងៗសិស្សសាលា ដើម្បីចាប់ជំរិត ឬចាប់វះយកគ្រឿងក្នុងជាដើម។ ព័ត៌មានបានល្បីតៗគ្នាបន្ទាប់ពីមានកុមារាអាយុ៩ឆ្នាំម្នាក់បានទៅផ្ទះយឺតពេល និងបានប្រាប់ម្តាយឪពុករបស់គេថា ខណៈដែលគេ និងមិត្តភក្តិបានចេញពីសាលារៀន មានបុរសជាច្រើនបានដើរចេញពីឡានពណ៌ស មួយគ្រឿង ហើយមានបំណងចង់ចាប់យកពួកគេ។

ភ្លាម នោះខាងម្តាយឪពុករបស់កុមារខាងលើបានហៅទូរស័ព្ទទៅកាន់ស្ថានីយ៍ប៉ូលិស ដើម្បីរាយការណ៍ពីរឿងនេះ និងសូមធ្វើអន្តរាគមន៍ការពារកុមារផ្សេងទៀត។ ខាងប៉ូលិសក្រោយពីទទួលបានដំណឹងនេះក៏មិននៅស្ងៀមដែរ ពួកគាត់បានដុតដៃដុតជើងបើការស៊ើបអង្កេតលើករណីនេះ។ តែក្រោយពីបានបើកការស៊ើបអង្កេតលើរឿងនេះ និងបានសិក្សាយ៉ាងល្អិតល្អន់ ខាងប៉ូលិសបានប្រាប់ថា គ្មានភស្តុងតាង ឬតំរុយ ណាមួយដែលបង្ហាញថា មានក្រុមមនុស្សកំពុងតែដើរចាប់ ក្មេងនោះទេ។ ក្រោយមកទើបប៉ូលិសបានរកឃើញថា ការលើកឡើងខាងលើនេះគ្រាន់តែជាលេស ដែលក្មេងៗបាន ប្រើកុំឲ្យម្តាយឪពុកគេស្តីបន្ទោសគេប៉ុណ្ណោះ បន្ទាប់ពីគេបានដើរលេងជ្រុល និងបានទៅដល់ផ្ទះយឺតពេល៕

ភក្តី
ប្រភព​៖ worldofbuzz

COMMENTS