បើករថយន្តបុកទ្រូងផ្លូវហើយ ឡើងជិះកង់បីគេចខ្លួនបាត់ធ្វើមិនដឹង!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូសមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បង្ករការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាតម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុនបំពង់ទីបជ័រ ខេអេសភី ស្ថិតក្នុងសង្កាត់ទឺកល្អក់២ ខណ្ឌទួលគោក។

ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-2563 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៧១ ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរបូតចេញកង់ និងក្រឡាប់ផ្ងាជើងឡើងលើ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរគ្រាន់តែរងរបួសស្រាល។

ក្រោយកើតហេតុ អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបាននាំគ្នាឡើងជិះរុឺម៉កកង់បីគេចខ្លួនអស់ ដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ៕

COMMENTS