ស្លាប់២នាក់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកមុខកំពូលកាលពីយប់មិញ

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកគ្នាជាមួយម៉ូតូបណ្តាលអោយមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Suzuki Smash Revo ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1O-2475 ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរម្នាក់ទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ករបានជិះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះទាំង២នាក់មានឈ្មោះ ពឿន ហុី ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ មានទីលំនៅភូមិភ្នំតូច ឃុំត្រប់​ ស្រុកបាធាយ ខេត្តកំពង់ចាម និងអ្នករួមដំណើរឈ្មោះ សុីម សៀន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារសពអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

COMMENTS