ប្តីប្រពន្ធគេឈ្លោះគ្នាសោះ មករបួសអ្នកក្រៅអត់ដឹងអី កាំបិតបុ័ងតោជាប់ក្បាលរបួសធ្ងន់

ខេត្តកំពង់ចាម៖ បុរសម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ដោយក្បាលជាប់ជាមួយនឹងកាំបិតបុ័ងតោ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយប្តីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នា ហើយគ្រវែងកាំបិតបុ័ងតោមកត្រូវជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ ហើយស្ត្រីជាប្រពន្ធមានឈ្មោះ ទូច ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ជា សុខទក ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង៣មានទីលំនៅក្បែរខាងគ្នា ស្ថិតនៅទីតាំងខាងលើ។

តាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធទាំង២បានឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើហិង្សា ពេលនោះបុរសជាប្តីបានទាញកាំបិតបំណងកាប់ចិញ្ច្រាំខោអាវ ស្រាប់តែពេលនោះប្រពន្ធឃើញក៏បានស្ទុះទៅទាញកញ្ចក់កាំបិតពីប្តី ធ្វើឲ្យរបូតកាំបិតពីដៃហោះចេញពីក្រៅផ្ទះ ត្រូវចំក្បាលជនរងគ្រោះ ដែលកំពុងតែបាចទឹកទូក បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ចំណែកស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕

សេម
ខ្មែរណូត

COMMENTS