ពិតជាគួរឲ្យអស់សំណើចមែន! គ្រឿងបរិក្ខាទូរស័ព្ទទាំង10 ដែលអ្នកមិនគួរទិញ

ជាការពិតណាស់សម្រាប់គ្រឿងបរិក្ខាទូរស័ព្ទដែលមានប្រយោជន៍ជាច្រើន ត្រូវបានផលិតលក់ដើម្បីឲ្យអ្នកប្រើប្រាស់ទិញ និងដាក់ឲ្យស្មាតហ្វូនខ្លួន។ ដោយឡែកគ្រឿងបរិក្ខាទាំងនោះមានដូចជា៖ អេក្រង់ការពារ កាស ឧបករណ៍បំពងសម្លេង និងអ្វីៗជាច្រើនទៀតដែលជាធម្មតាវាមានប្រយោជន៍ និងមិនចំណាយប្រាក់ខ្ជះខ្ជាយ។ ប៉ុន្ដែ មិនមែនគ្រប់បណ្ដារគ្រឿងបរិក្ខាទូរស័ព្ទទាំងអស់គឺសុទ្ធតែមានប្រយោជន៍នោះទេ ពោលគឺមានរបស់ជាច្រើនទៀតដែលគ្មានប្រយោជន៍ ហើយថែមទាំងធ្វើឲ្យលោកអ្នកចំណាយប្រាក់ឥតប្រយោជន៍ថែមទៀត។ ដូចនេះ លោកអ្នកមិនគួរទិញវាទេ ហើយខាងក្រោមនេះគឺជាគ្រឿងបរិក្ខាទាំងអស់នោះ។

1. ឧបករណ៍និយាយទូរស័ព្ទបុរាណ

នៅចងចាំឧបករណ៍នេះទេ? ជាការពិតណាស់ វាគឺជាទូរស័ព្ទដែលមានអាយុកាលយូរមែនទែនពោលគឺតាំងពីជំនាន់យាយតារបស់អ្នកមកម្លេះ។ ដោយឡែក ឧបករណ៍ទាំងនេះ គឺពុំត្រូវបានប្រើប្រាស់ទៀតទេ ដោយជំនួសមកវិញដោយទូរស័ព្ទ និងស្មាតហ្វូនស៊េរីទំនើបវិញ។ ប៉ុន្ដែ​ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ រឺចង់យល់ពីអារម្មណ៍នៃការប្រើប្រាស់ឧបករណ៍នាសម័យនោះ លោកអ្នកអាចទិញវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃប្រមាណជា $10ប៉ុណ្ណោះ។ យ៉ាងណាមិញ ខ្ញុំគិតថាទុក $10ទិញអីញ៉ាំទៅល្អជាង។

2. TV Hat សម្រាប់រក្សាឯកជនភាពពេលមើលស្មាតហ្វូន

សម្រាប់ផលិតផលនេះ គឺធ្លាប់ត្រូវបានចេញលក់ម្ដងហើយកាលពីប៉ុន្មានឆ្នាំមុន។  TV Hat នេះមានសមត្ថភាពអាចជួយឲ្យលោកអ្នករក្សាឯកជនភាពបាន ពោលគឺពេលមើលស្មាតហ្វូននឹងគ្មាននរណាម្នាក់អាចដឹង រឺឃើញឡើយថាអ្នកកំពុងមើលអ្វី។ យ៉ាងណាមិញ បើទោះជាសា្ដប់ទៅផលិតផលនេះដូចជាមានប្រយោជន៍មែនពិត ប៉ុន្ដែលោកអ្នកសង្កេតមើលទៅលើផលិតផលនោះបាន ថាតើវាមានសភាព និងរូបរាងយ៉ាងដូចម្ដេច។ មួយវិញទៀត វាមានតម្លៃរហូតដល់ទៅ $26។ ដូចនេះប្រសិនបើអ្នកចង់ចំណាយប្រាក់ នោះអ្នកអាចទិញឧបករណ៍នេះយកទៅប្រើប្រាស់បាន។

3. ស្រោមការពារទូរស័ព្ទ Selfie Brush

សម្រាប់លោកអ្នក ដែលចង់ប្រាកដថា ខ្លួនឯងស្អាតគ្រប់គ្រាន់មុនពេលថតរូប selfie ស្រោមការពារនេះគឺល្អបំផុតហើយសម្រាប់លោកអ្នក។ វាត្រូវបានផលិតឡើងតាំងពីជំនាន់ iPhone 5 មកម្លេះ។ លើសពីនេះទៅទៀត លោកអ្នកគ្រាន់តែដាក់ស្មាតហ្វូនចូលទៅក្នុងស្រោម Selfie Brush នេះជាការស្រេច។ វាអាចមើលទៅប្លែក ប៉ុន្ដែមិនប្រាកដថាទំនងនោះទេ។

4. សម្រោមការពារ iPhone Edible

មើលទៅពិតជាឆ្កួតមែនទែន ប៉ុន្ដែស្រោមការពារនេះត្រូវបានចេញលក់ប្រមាណជា 2ឆ្នាំហើយ។ វាត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុន ហើយប្រើប្រាស់សម្រាប់ការពារម៉ូដែល iPhone 5 ហើយមើលទៅដូចជារបស់ញ៉ាំអញ្ចឹង។ យ៉ាងណាមិញ សម្រាប់ខ្ញុំវាមិនមែនជារឿងដែលទាក់ទាញនោះទេ។

5. ស្រោមការពារ iPhone រូបដៃ

និយាយឲ្យស្រួលស្ដាប់ ស្រោមការពារនេះគឺឥតប្រយោជន៍តែម្ដង។ អ្នកខ្លះគិតថាវាស្អាត តែភាគច្រើននៃអ្នកប្រើប្រាស់គឺមិនចូលចិត្តឡើយ។ ស្រោមកាពារនេះត្រូវបានរចនាឡើងដោយមានសភាពដូចជាដៃមនុស្សអញ្ចឹង ហើយប៉ុនទៅនឹងដៃមនុស្សថែមទៀត។ សម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់សម្រោមការពារនេះ ប្រយ័ត្នគាំងបេះដូចខ្លួនឯងពេលយកទូរស័ព្ទមកប្រើនៅពេលយប់។

6. ស្រោមការពារកន្លែងសាកថ្មទូរស័ព្ទ

សម្រាប់មួយនេះគឺពុំចាំបាច់ត្រូវការការពន្យល់ច្រើននោះទេ។ លោកអ្នកអាចមើលតាមរយៈរូបភាពខាងលើនេះបាន។ សម្រាប់គុណសម្បត្តិរបស់វា គឺអាចបិតបាំងកន្លែងសាកថ្មកុំឲ្យចូលធូលីដីបាន ប៉ុន្ដែធាតុពិតគឺវាគ្មានប្រយោជន៍ទាល់តែសោះ។ វាត្រូវបានរចនាឡើងដោយមានរូបរាងសដៀងគ្នាទៅនឹងខោទ្រនាប់មនុស្សអញ្ចឹង។ លើសពីនេះទៅទៀត វាមិនមែនជារឿងល្អទេដែលប្រើឧបករណ៍នេះចេញក្រៅ រឺអាចនិយាយបានថា វាជារឿងដ៏ស្មោកគ្រោគមួយ។

7. មនុស្សយន្ដសម្អាតអេក្រង់

ជាការពិតណាស់មនុស្សយន្ដ ពិតជាមានភាពឆ្លាតវ័យ និងជួយមនុស្សបានច្រើននាពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែគ្រាន់តែសម្អាតអេក្រង់សោះ តើលោកអ្នកចាំបាច់ចំណាយប្រាក់ធ្វើអី? គ្រាន់តែយកស្មាតហ្វូន រឺថេបប្លេតមកជូតនឹងអាវ រឺក្រណាត់ស្អាតតែមួយភ្លែតជាការស្រេច។

8. ឧបករណ៍ទប់ស្មាតហ្វូនឲ្យជាប់នឹងត្រជៀកដោយពុំចាំបាច់ប្រើដៃ

សម្រាប់មួយនេះវិញក៏ដូចគ្នាដែរ។ ប្រសិនបើអ្នកកំពុងជាប់រវល់បើរថយន្ដ រឺដៃកំពុងធ្វើអ្វីមួយ នោះអ្នកអាចប្រើឧបករណ៍នេះបាន។ ប៉ុន្ដែតើវាពិតជាមានប្រយោជន៍ខ្លាំងរឺ? ចុះកាស? ហេតុអ្វីមិនប្រើទៅ? ជាការពិតណាស់ឧបករណ៍នេះគឺពិតជាគ្មានប្រយោជន៍សោះឡើយ។

9. អេក្រង់ការពារទូរស័ព្ទប្រះក្លែងក្លាយ

សម្រាប់អ្នកប្រើប្រាស់មួយចំនួនប្រហែលជាធ្លាប់មានបទពិសោធន៍ជាមួយនឹងការជ្រុះ បែកអេក្រង់ទូរស័ព្ទ រឺថេបប្លេត ដោយសារតែភាពធ្វេសប្រហែសរបស់ខ្លួន។ ដូចនេះ ពួកគេតែរកទិញអេក្រង់ការពារណាដែលមានសមត្ថភាពខ្ពស់អាចទប់ទល់ទៅនឹងការជ្រុះបែកដោយអចេតនាបាន។ យ៉ាងណាមិញ សម្រាប់អេក្រង់ការពារនេះគឺខុសគ្នា។ អេក្រង់របស់ស្មាតហ្វូន រឺថេបប្លេតអ្នកនៅស្អាតទេ ប៉ុន្ដែពេលបិតអេក្រង់ការពារនេះទៅ មើលដូចបែកអញ្ចឹង។ តើវាមានប្រយោជន៍ទេ?

10. The NoPhone

ស្ដាប់ទៅទំនងណាស់ ប៉ុន្ដែការពិតវាគ្មានប្រយោជន៍អ្វីទាំងអស់។ ឧបករណ៍នេះគឺគ្រាន់តែជាស្រោមការពារធម្មតាមួយ ដែលមានសភាពធំ និងគ្រប់ដណ្ដប់លើស្មាតហ្វូនទាំងមូលតែម្ដង។ ក្រៅពីនេះ វាគ្មានប្រយោជន៍អ្វីទាំងអស់។

Fu

ខ្មែរណូត

ប្រភព៖​ androidauthority

COMMENTS