ទាស់សម្តីគ្នាបន្តិចបន្តួចមិនព្រមដោះស្រាយគ្នាបែជាយកដាវនិងដំបងមកនិយាយវិញ!

ភ្នំពេញ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងទំនើង២នាក់ភ្លាមៗបន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះបង្ករទំនាស់ពាក្យសម្តីដាក់គ្នារហូតឈានដល់ប្រើប្រាស់អំពើហិង្សាវាយតបកាប់ចាក់គ្នាបណ្តាលអោយយុវជនម្នាក់រងរបួសត្រង់ដើមទ្រូង បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបានទៅអង្គុយលេងនៅបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ អ៊ុល វុទ្ឋី និងឈ្មោះហៀង ដែលជួលបន្ទប់នៅក្បែរគ្នា លុះមួយចន្ទុះក្រោយមកស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយគ្នាបន្តិចបន្តួចស្រាប់តែឈ្មោះ អ៊ុល វុទ្ធី និងឈ្មោះហៀង និងបក្សពួក៣នាក់ទៀតនាំគ្នាទាញដំបង និងដាវស្ទុះមកវាយនិងកាប់ជនរងគ្រោះឈ្មោះ ម៉ែន វុទ្ធី បណ្តាលអោយរងរបួសដេកដួលនៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះម្ចាស់ផ្ទះឃើញដូចនេះក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ អ៊ុល វុទ្ធី និងឈ្មោះ រី គឹមស្រៀង ចំណែកឈ្មោះហៀងនិងបក្សពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ទៅធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងចញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទបង្កររបួសស្នាមដោយចេតនា រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

 

COMMENTS