ពូកែលួចទ្រព្យសម្បត្តិយកទៅបញ្ចាំលេងល្បែងពេក ប្តីប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង

ភ្នំពេញ៖ បុរសជាថៅកែក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិចពីប្រទេសជប៉ុនម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅអោយតាមចាប់ស្ត្រីជាប្រពន្ធរបស់ខ្លួនដោយសារស្ត្រីរូបនោះជាមនុស្សញៀនល្បែង ហើយបានលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះទៅលេងល្បែងចាញ់អស់ ហើយស្ត្រីខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបូរី ប៊ុនហួរ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានបានអោយដឹងថា បុរសជាប្តីមានឈ្មោះ​ វ៉ាង ជីញយ៉ាង អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះល្វែង បុរីកើតហេតុខាងលើ ជាថៅកែក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិចពីប្រទេសជប៉ុន ដោយភាគច្រើនគាត់នៅប្រទេសជប៉ុន ហើយបានដាក់ការមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះដែលប្រពន្ធ ឈ្មោះ រ៉ុន ថុលធីតា អាយុ២៤ឆ្នាំ កំពុងស្នាក់នៅ និងតាមដានតាមទូរស័ព្ទ។ នៅថ្ងៃទី១០ ខែកក្កដានេះនាងបានធ្វើសកម្មភាពផ្តាច់ខ្សែកាមេរ៉ាសុវត្ថិភាព និងយករថយន្តមួយគ្រឿងម៉ាក Ford សេរីឆ្នាំ២០១៦ ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AN-2852 មានតម្លៃជាង៤មុឺនដុល្លារ បញ្ចាំនៅម្តុំទួលគោក បាន៨០០០ដុល្លារ និងគ្រឿងអលង្ការដែលមានតម្លៃ ២៥៦០ដុល្លារទៀត។ ក្រោយមកនាងបានគេចខ្លួនមិនចូលផ្ទះ ចំណែកបុរសជាប្តីមានការងឿងឆ្ងល់ដោយសារមិនអាចភ្ជាប់មើលកាមេរ៉ាសុវត្ថិភាពបាន ហើយទូរស័ព្ទប្រពន្ធក៏ខលមិនចូលទៀត ទើបទូរស័ព្ទអោយបុគ្គលិក និងសាច់ញាតិអោយទៅមើលនៅផ្ទះទើបដឹងថាខ្សែកាមេរ៉ាសុវត្ថិភាពដាច់ហើយបាត់ទាំងរថយន្តបាត់ទាំងមនុស្សទៀត។ ក្រោយមកទើសស្រាវជ្រាវដឹងថានាងយករថយន្តទៅបញ្ចាំ ហើយដាក់កម្លាំងតាមឃ្លាំមើល រហូតដល់់វេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែកក្កដា ទើបលេចមុខស្ត្រីជើងល្អមកផ្ទះវិញក្នុងគោលបំណងលួចយករថយន្តហាយលែនឌ័រមួយគ្រឿងទៀត តែសមត្ថកិច្ចមិនបានឃាត់ខ្លួនភ្លាមៗធ្វើអោយនាងដឹងខ្លួនទាន់ផ្លោះរបងចូលទៅក្នុងរោងចក្រមួយនៅក្បែរនោះ លុះមួយសន្ទុះក្រោយមកទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកសួរនាំ៕

 

 

COMMENTS