ច្បាស់ហើយ!​ Galaxy Note 8 នឹងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ និងរក្សារន្ធដោតកាសដដែល (មានវីដេអូ)

ជាការពិតណាស់ ពាក្យចចាមអារាមទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 8 ត្រូវបានបង្ហាញជាច្រើនក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺម៉ូដែលថ្មីនេះគឺខិតជិតមកដល់ថ្ងៃប្រកាសចេញលក់មែនទែនហើយ។ ដោយឡែក ទាក់ទងទៅនឹងមុខងារថ្មីដែលនឹងត្រូវបានដាក់បញ្ចូលទៅក្នុង Note 8 ត្រូវបានគេជឿថាជាការកែប្រែដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Samsung ហើយនោះគឺជាការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ។

បើយោងតាមការបែកធ្លាយពីសំណាកគណនី Facebook ដែលមានឈ្មោះថា Tung Ha កំពូលស្មាតហ្វូន Galaxy Note 8 នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ។ ហើយនេះគឺជាអ្វីដែលអតិថិជនរបស់ក្រុមហ៊ុន Samsung បានរំពឹងទៅលើម៉ូដែល Galaxy S8។ លើសពីនេះទៅទៀត sensor ស្កេនក្រយ៉ៅដៃក៏ត្រូវបានផ្លាស់ប្ដូរទៅផ្នែកខាងក្រោយវិញដែរ ពោលគឺនៅក្បែរកាមេរ៉ានឹងតែម្ដង។ មិនតែប៉ុណ្ណោះ LED Flash មួយគ្រាប់ក៏នឹងត្រូវបានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះដែរ អបដោយ sensor ស្ទង់ចង្វាក់​បេះ​ដូងមួយផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ sensor ស្កេនស្នាមក្រយ៉ៅដៃគឺពុំត្រូវបានបង្កប់ក្នុងអេក្រង់ដូចទៅនឹងពាក្យចចាមអារាមមួយចំនួនបានលើកឡើងទេ។ ដោយឡែក ទាក់ទងទៅនឹងក្រុមហ៊ុន Apple វិញក៏កំពុងឈឺក្បាលទៅនឹង sensor នេះដូចគ្នា។ យ៉ាងណាមិញ អតិថិជនរបស់ iPhone ក៏នៅតែរំពឹងថា sensor បង្កប់ក្នុងអេក្រង់នេះ នឹងត្រូវបានបំពាក់លើ iPhone 8។

សម្រាប់ការបែកធ្លាយមួយទៀតគឺទាក់ទងទៅនឹងរន្ធដោតកាសនៃកំពូលស្មាតហ្វូន Galaxy Note 8 វិញម្ដង។ យោងតាមលោក Tung Ha ដដែលបានបញ្ជាក់ថា Note 8 នឹងមិនត្រូវបានលុបបំបាត់រន្ធដោតកាសចោលនោះទេ ពោលគឺរន្ធ 3.5មមនៅដដែល។ ដូចនេះ វាពិតជារឿងមួយដ៏ល្អសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung ព្រោះសម្រាប់ iPhone 7 វិញគឺបានធ្វើឲ្យអតិថិជនជាច្រើនមិនសប្បាយចិត្ត។

Fu

ខ្មែរណូត

ប្រភព៖ itechpost

COMMENTS