ព្រះ​រាជ​អាជ្ញា​ចេញ​ដីកា​បញ្ជា​ឲ្យ ខ្មាន់​កាំ​ភ្លើង​បាញ់​ជិត​១០​គ្រាប់​ នៅ​ខណ្ឌ​ដូន​ពេញ ចូល​បង្ហាញ​ខ្លួន​នៅ​មុខសមត្ថកិច្ច ឲ្យ​បាន​មុន​ថ្ងៃ​ទី២២ ខែសីហា

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលសារព័ត៌មាននគរបាលជាតិ ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១០០Eo ផ្លូវ២១៤ ក្រុមទី៧២ ភូមិទី១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចូលទៅសាកសួរបំភ្លឺលើករណី«កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ (ផ្ទះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ) នៅចំណុចបណ្ដោយផ្លូវលេខ២៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧»

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS