ទៀតហើយ! ស្លាប់ដោយសាររថយន្តធន់ធំបុកទៀតហើយ

បាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហុីយ៉ានដាយបុកជាមួយម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ បង្ករអោយមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន​ 1C.0071 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដីធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ញ.0379.ភព3 ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នាបានជិះមកបុកពីក្រោយម៉ូតូជនរងគ្រោះបណ្តាលអោយជនរងគ្រោះដួលបោកក្បាលក្រោមរថយន្តរងរបួសធ្ងន់ បណ្តាលអោយស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះខាងលើមានឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ចំណែកអ្នកបើកបររថយន្តបង្ករមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តបង្ករ និងម៉ូតូជនរងគ្រោះតោរក្សាទុកបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ករមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS