បើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន គៀបស្លាប់តៃកុងឡាន និងអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ ករណិគ្រោះថ្នាក់ចរាចរណ៍រថយន្ត Hyundai មួយគ្រឿងជិះបុកបង្កាន់ដៃស្ពានបណ្តាលអោយក្រឡាប់គៀបជាប់អ្នកបើកបររថយន្តស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីជនរងគ្រោះ៤នាក់ទៀតដែលរួមដំណើរក្នុងរថយន្តខាងលើបានអោយដឹងថា មុនកើតហេតុ ពួកគាត់ធ្វើដំណើរក្នុងទិសដៅពីពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ ដើយបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានហើយគៀបជាប់បែបនេះតែម្តង។ អ្នករួមដំណើរក្នុងរថយន្តទាំង៤នាក់មានឈ្មោះ សុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូអូន ឃំុតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ឈ្មោះ ឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃំុស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ, ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅឃំុជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងឈ្មោះ សឹុម កំសាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃំុបារាយណ៍ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ចំណែកអ្នកបើកបររថយន្តដែលស្លាប់បាត់បង់ជីវិតមិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង៤នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារអោយមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

COMMENTS