បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អសោភ័ណ្ឌភាព វិទ្យាល័យ​ព្រែកឯក

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ បុគ្គលិកក្រុមហ៊ុន CBL បានចុះជួយកែលម្អសោភ័ណ្ឌភាព នៃសាលា​វិទ្យាល័យព្រែកឯក​ តាមរយៈការលាបថ្នាំ និងជួសជុលកែលម្អអគារសិក្សា ឡើងវិញ និងការ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូ រំដោះទឹកលិចក្នុងរដូវរស្សា ក្រោម​ការ​ដឹកនាំ ដោយ​​លោក Roland Bala នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកនៃក្រុមហ៊ុន CBL និងមាន​ការ​ចូល​រួម ជាអធិបតីភាព​ពីលោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ លោក អ៊ុំ សារី ប្រធានការិយាល័យអប់រំ ខណ្ឌច្បារអំពៅ​ លោក ប៉ាង វិសុទ្ធ នាយក​​វិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូ​​អ្នកគ្រូ​ សិស្សានុសិស្សនៃ​វិទ្យា​ល័យព្រែកឯកជា​ច្រើន​​។

ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយក​វិទ្យាល័យព្រែកឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយក​ក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់​វិទ្យាល័យព្រែកឯក តាមរយៈ ការធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយ ខ្នង មាន ៤បន្ទប់ ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់ និងជួយដាក់​ប្រព័ន្ធបណ្តាញ​លូទឹកសំរាប់ជួយកាត់បន្ថយទឹកជន់ក្នុងបរិវេណសាលា នៅពេល​ភ្លៀងធ្លាក់​ខ្លាំងក្នុងរដូវវស្សា ។

ជាមួយគ្នានោះដែរ​ លោក Roland Bala នាយកគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន CBL បាន​មាន​ប្រសាស​ន៍រំលឹកឡើងថា កាលពី២០ឆ្នាំមុន ក្រុមហ៊ុន CBL​ ​បានកសាងអគារមួយខ្នងនេះ ជូន​សិស្សានុសិស្សវិទ្យាល័យព្រែកឯក ហើយគិតមកដល់បច្ចុប្បន្នមានសិស្សានុសិស្សរាប់ពាន់នាក់​ធ្លាប់បានសិក្សាក្នុងអគារនេះ ជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់បានសិក្សានៅទីនេះ ផងដែរ។ តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាពទ្រុឌទ្រោម ស្ទើរតែត្រូវបោះបង់ ​ហើយចាំបាច់ត្រូវការ​ជួសជុលកែលំអឡើងវិញ ដូច្នេះហើយថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់មកសាលានេះ ជាថ្មី ម្តងទៀត ធ្វើការកែលំអអគារ និងធ្វើឲ្យថ្នាក់រៀននិមួយៗមានសោរភ័ណ្ឌភាពស្រស់ស្អាតគួរ ឲ្យចង់ចូលសិក្សាឡើងវិញ។

លោកក៏បានសំដែងនូវភាពសប្បាយរីករាយ ដោយបាន​ឃើញបុគ្គលិកក្រុមហ៊ុន ដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធី លាបថ្នាំ​ឆ្នាំនេះ មានការកើនឡើង១៣៤នាក់ ហើយក៏បានថ្លែងអំណរគុណ ដល់​បុគ្គលិក​ស្ម័គ្រចិត្តទាំងអស់ ដែលចំណាយពេលវេលា ចុងសបា្តហ៏ដើម្បីចូលរួមចំណែកក្នុងការ ជួយសង្គមរបស់យើងនៅថ្ងៃនេះ។

លោកសង្ឃឹមផងដែរថា សកម្មភាពសង្គមរបស់យើង នឹងជួយកាត់បន្ថយការលំបាករបស់ សិស្សានុសិស្ស ហើយនឹងពួកគេឲ្យផ្តោតលើការសិក្សា ដើម្បីអនាគតដ៏ល្អរបស់ខ្លួន។
គួររម្លឹកផងដែរថា ក្រុមហ៊ុន CBL តែងតែចូលរួមរាល់​សកម្មភាពនានាក្នុងការអភិវឌ្ឍ​សហគមន៍ និងផ្ដោត​ការ​យកចិត្ដ​ទុកដាក់ ជា​ពិសេស​​លើ​​ការប្រព្រឹត្ដខ្លួន ជា​សហគ្រាស​​​មួយ ដែលមាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះសង្គម​​​ជាតិ៕

COMMENTS