ជិះម៉ូតូឌុបគ្នា២នាក់បងប្អូនចេញពីផ្សារមិនទាន់ដល់ផ្ទះផងត្រូវចោរឆក់កាបូបហើយគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចទាំងព្រលឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ១០១៩ មុខផ្ទះមេប៉ូលីស ខណ្ឌសែនសុខ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មានពីស្ត្រីរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា២នាក់ប្អូនស្រីចេញពីផ្សារទៅផ្ទះ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១០១៩ លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នាប្រមាណ៦ទៅ៧នាក់ជិះម៉ូតូមកក្បែរហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។ សម្ភារៈដែលបាត់បង់ទៅរួមមាន លុយចំនួន២៥មុឺនរៀល ទូរស័ព្ទដៃ២គ្រឿង​ អត្តសញ្ញាណមួយសន្លឹក និងឯកសារផ្សេងៗមួយចំនួន។ ជនរងគ្រោះខាងលើមានឈ្មោះ យ៉ាត ផល អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

COMMENTS