កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុនហួវៃ ផ្តល់ឱកាសដល់និស្សិតឆ្នើមកម្ពុជា ទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ជំនាន់ទី២ ឆ្នាំ២០១៧ ត្រូវបានប្រារព្ធឡើង នៅកសកលវិទ្យាល័យ ពុទ្ធិសាស្ត្រ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលៗរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា គឺ ឯកឧត្តម Tan Qing sheng ភារធារីអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Li Xiongwei អគ្គនាយកក្រុមហ៊ុន ហួវៃ កម្ពុជា ភ្ញៀវកិត្តិយស និង និស្សិតយ៉ាងច្រើនកុះករ។ កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនកម្ពុជា បានទស្សនកិច្ចសិក្សា និងអនុវត្តន៍ផ្ទាល់លើជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាចុងក្រោយ នៅទីក្រុងប៉េកាំង និងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល ២សប្តាហ៏ សម្រាប់និស្សិតធ្វើការចុះសិក្សាស្រាវជ្រាវ អនុវត្តន៍វិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាដោយផ្ទាល់នៅទីស្នាក់ការ កណ្តាលរបស់ក្រុមហ៊ុនហួវៃ នៅទីក្រុងសិនជិន។ ក្រៅពីនេះ និស្សិតក៏មានឱកាស សិក្សាអំពីវប្បធម៌ អក្សរសាស្ត្រចិន និងទស្សនកិច្ចទីកន្លែងប្រវត្តិសាស្ត្រល្បីៗផងដែរ។ នេះពិតជាកម្មវិធីដ៏អស្ចារ្យមួយដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ឲ្យកាន់តែមានភាពជិតស្និទ្ធិទ្វេរឡើង ក៏ដូចជាការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញបន្ថែមជូនដល់ប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី២ហើយដែលក្រុមហ៊ុនហួវៃកម្ពុជាបានជ្រើសរើសនិស្សិតកម្ពុជាចំនួន១០រូបធ្វើដំណើរទៅប្រទេសចិន។ និស្សិតឆ្នើមទាំង១០រូបនេះត្រូវបានឆ្លងកាត់ការជ្រើសរើសជាច្រើនដំណាក់កាលដោយចាប់ផ្តើមពីខែកុម្ភៈ ដល់ខែឧសភា ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ការជ្រើសរើសនេះត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា និងឆ្លងកាត់ការជ្រើសរើសយ៉ាងស្វិតស្វាញ តាមបណ្តាខេត្តក្រុងនានា ដោយតម្រូវឲ្យបេក្ខជន ដាក់ពាក្យស្នើរសុំ ដែលក្នុងនោះមានសំនួរទាក់ទងនឹងវិស័យបច្ចេកវិទ្យា ICT បន្ទាប់មកគណៈកម្មការធ្វើការជ្រើសរើសដើម្បីធ្វើកិច្ចសម្ភាសន៍។

មានតែបេក្ខជន១០រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញមានចំនួន៣រូប ខេត្តប៉ៃលិន ១រូប ខេត្តរតនៈគីរី ១រូប ខេត្តកណ្តាល១រូប ខេត្តកោះកុង១រូប ខេត្តក្រចេះ១រូប ខេត្តកំពង់ចាម ១រូប និង ខេត្តព្រៃវែង១រូប។ លោក ពៅ វណ្ណៈ បេក្ខជនជ័យលាភី មកពីខេត្តរតនៈគីរី បានសំដែងចំណាប់អារម្មណ៍ថា៖ “ខ្ញុំរីករាយណាស់ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ទៅប្រទេសចិនចំនួន២សប្តាហ៍។ កម្មវិធីនេះនឹងផ្តល់ឱកាសឲ្យខ្ញុំបានអភិវឌ្ឍន៍ជំនាញខ្ញុំបន្ថែម និងទទួលបានបទពិសោធន៏ថ្មីក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមនិស្សិតកម្ពុជា និងនិស្សិតអន្តរជាតិ”។ រីឯលោក នៅ វណ្ណធឿន មកពីភ្នំពេញនិយាយថា៖ “ខ្ញុំមានអារម្មណ៍រំភើបណាស់ នៅពេលដែលបានទទួលដំណឹងថា ខ្ញុំត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី គ្រាប់ពូជដើម្បីអនាគត។ ឆ្នាំមុនខ្ញុំមិនមានឱកាសចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែឆ្នាំនេះក្តីសុបិន្តខ្ញុំក្លាយជាការពិតហើយ”។

នេះជាមោទនភាពយ៉ាងធំធេងរបស់ក្រុមហ៊ុនហួវៃនៅកម្ពុជាដែលចាប់តាំងពីឆ្នាំ១៩៩៩រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផ្គត់ផ្គង់បណ្តាញសេវាកម្មដល់ប្រជាជនប្រមាណ៧០%នៅកម្ពុជា និងបានបណ្តុះបណ្តាលអ្នកជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាជាង១០០០នាក់រួចមកហើយ។ មានតែក្រុមហ៊ុនហួវៃនៅកម្ពុជាតែមួយគត់ ដែលផ្តល់ដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ និងពត៌មានវិទ្យាឈានមុខគេលំដាប់ពិភពលោក ហើយបង្កើតកម្មវិធីនេះឡើងដើម្បីជាប្រយោជន៏ជូនដល់និស្សិត ក៏ដូចជាប្រទេសកម្ពុជា។

ក្រុមហ៊ុន ហួវៃកម្ពុជា សង្ឃឹមជឿជាក់ថា នឹងមាននិស្សិតចូលរួមប្រកួតកាន់តែច្រើនឡើងៗនៅឆ្នាំ ២០១៨ខាងមុខ។ គួររំលឹកថា Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង 50 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand ។ ថ្មីៗនេះ Huawei ទទួលបានចំណាត់ថ្នាក់ ៨៨ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកលេខរៀងទី ៨៨ ដោយទស្សនាវដ្តី Forbes 2017។ បច្ចុប្បន្ន ក្រៅពីបច្ចេកវិទ្យា ICT ឈានមុខលំដាប់ពិភពលោក វិស័យស្មាតហ្វូនហួវៃកំពុងឈរនៅជួរមុខដូចគ្នា ហើយស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។

COMMENTS