ខំបង្កប់ខ្លួនក្រោមរថយន្តហើយស្មានតែប៉ូលិសមិនដឹង ចុងក្រោយចាប់បានដដែល

អេស៉្បាញ៖ អាជ្ញាធរអេស្ប៉ាញបានធ្វើការចាប់ខ្លួនអ្នកបើកបររថយន្តម្នាក់ ដែលបានដាក់លាក់ជនភៀសខ្លួន ពីរនាក់នៅក្នុងផ្នែកខាងក្រោមកៅអីអង្គុយខាងក្រោយរបស់រថយន្ត និងមានបំណងចង់នាំយកជនភៀសខ្លួនទាំងពីរនាក់ចូលទៅក្នុង ទីក្រុង Melilla ដែលជាទីក្រុងស្វយ័តមួយរបស់អេស្ប៉ាញ។ បុរសជាអ្នកបើកបររថយន្តជាជនជាតិម៉ារ៉ុក អាយុ៣៣ឆ្នាំ ហើយ ជនភៀសខ្លួនទាំងពីរនាក់នោះក៏ជាជនជាតិម៉ារ៉ុកដូចគ្នាដែរ។

តាមការសាកសួរបានឲ្យដឹងថា បុរសជាអ្នកបើកបរថយន្តទទួលបានប្រាក់ចំនួន៤,៩៦០ដុល្លារ ពីជនភៀសខ្លួនម្នាក់ ដើម្បីជាថ្នូរក្នុងការនាំពួកគេចូលទៅកាន់ប្រទេសអេស្ប៉ាញដោយខុសច្បាប់នេះ។ រថយន្តដែលក្រុមជនខិលខូចប្រើប្រាស់ក្នុងការនាំមនុស្សចូលក្នុងប្រទេសអេស្ប៉ាញដោយខុសច្បាប់នេះ គឺជារថយន្តម៉ាក់ Mercedes-Benz A-Class ដែលបានកែឆ្នៃបង្កើតកន្លែងសម្រាប់ដាក់លាក់មនុស្សនៅផ្នែកខាងក្រោមនៃកៅអីអង្គុយ។

សូមបញ្ជាក់ថា ការភៀសខ្លួនចូលទៅរស់នៅក្នុងប្រទេសអេស្ប៉ាញពីសំណាក់ជនជាតិម៉ារ៉ុកនេះ បានកើតមានជាហូរហែ ដោយពេលខ្លះប៉ូលិសប្រចាំព្រំដែនអាចបង្រ្កាបបាន ហើយពេលខ្លះភ្លាត់មិនអាចបង្រ្កាបបានដែរ។ ហើយពេលនេះបុរសជាអ្នកបើករថយន្តខាងលើ ត្រូវបានអាជ្ញាធរអេស្ប៉ាញសម្រេចចាប់ខ្លួនពីបទជួញដូរមនុស្ស៕

ភក្តី

ប្រភព៖ dailymail