មន្ត្រីយោធាសឹករងខេត្តព្រះសីហនុបើករថយន្តទៅបុកជាមួយរថយន្តសណ្តោងកុងតឺន័រ រងរបួសធ្ងន់ធ្ងរ

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Isuzu ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1372 បុកជាមួយរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ក.0605 ភព3 បណ្តាលអោយអ្នកបើកបររថយន្ត Isuzu រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះដែលជាអ្នកបើកបររថយន្ត Isuzu មានឈ្មោះ គឹម យឿន ភេទប្រុស អាយុ៤៤ឆ្នាំ​ ជាយោធានៅតំបន់សឹករងខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុង ចំណែកអ្នកបើកបររថយន្តកុតតឺន័រមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល។
រថយន្តទាំង២ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS