Samsung Galaxy S9 និង S9 Plus បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា កាលពីយប់មិញនេះ

ក្រោយពេលទូរស័ព្ទដៃម៉ូដែលថ្មី របស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy S9 និង S9 Plus បានបង្ហាញខ្លួនជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុនរួចមក ពេលនេះស្មាតហ្វូនមួយនេះក៏បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងចែកចាយទូរស័ព្ទ Samsung និងបណ្តាសារព័ត៌មានជាច្រើនផងដែរ។ ក្នុងឪកាសនោះដែរ លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung កម្ពុជា បានមានប្រសាសន៍ថា៖ «ដោយសារតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ជាច្រើននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក លោកពិតជាមានមោទនភាព ដែលបានធ្វើការសម្ពោធជាផ្លូវការទូរស័ព្ទ Samsung Galaxy S9 និង S9+ ដែលជាកំពូលស្មាតហ្វូនភ្ជាប់ជាមួយកាម៉េរ៉ាទំនើបបំផុតនៅពេលនេះ។ នៅក្រុមហ៊ុន Samsung មានទស្សនៈថា យើងម្នាក់ៗប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបង្កើត បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប និងរីករាយជាមួយការចែករំលែកនូវបទពិសោធជាមួយអ្នកជុំវិញខ្លួន និងពិភពលោក។»

លោកបានបន្ថែមទៀតថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S9 និង S9+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នក មិនអាចមើលទាន់នឹងភ្នែក ហើយអាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងរូបតុក្កតា ដើម្បីបង្ហាញពីខ្លួនគេ និងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងសប្បាយរីករាយ។

ក្រៅពីតំណាងចែកចាយ និង អ្នកសារព័ត៌មាន ក្នុងស្រុកនោះ គេក៏បានឃើញវត្តមានកញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយនឹង កញ្ញា មាន សូនីតា ដែលជាអគ្គរាជទូរសុឆន្ទៈសំរាប់ផលិតផល Samsung ចូលរួម និងបានផ្តល់នូវភាពរំភើបរីករាយដល់អ្នកចូលរួមទាំងអស់ ជាមួយការបង្ហើរសំនៀងយ៉ាងពិរោះនៅក្នុងកម្មវិធីនេះ ព្រមទាំងមានការផ្តល់ជូនពិសេស និងការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីកម្សាន្តផ្សេងៗទៀត ដែលមានតំណាងចែកចាយផលិតផលទូរស័ព្ទដៃ Samsung និងអ្នកសារព័ត៌មានជាច្រើនចូលរួមថែមទៀតផង។

គួរបញ្ជាក់ផងដែរថាសំរាប់ព្រឹត្តិការណ៍នេះ គឺថា អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្បុជា អាចចាប់ផ្តើម កម្ម៉ង់ទុកជាមុននូវកំពូលស្មាតហ្វូនសករាជថ្មីនៃកាមរ៉ា Galaxy S9 និង S9+ នេះបានហើយ នៅតាមដេប៉ូចែកចាយ និងហាងទំនើបទូរស័ព្ទ Samsung ទាំងអស់ ដែលក្រុមហ៊ុន បានកំណត់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 03 ដល់ថ្ងៃទី 15 មីនានេះ ដែល Galaxy S9+ 256 GB មានតម្លៃ $999, Galaxy S9+ 128 GB មានតម្លៃ $949 និង Galaxy S9 128 GB មានតម្លៃ $859 រូមជាមួយនឹងការថែមកាដូទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 1800 20 32 32 ៕