បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីកិនគ្រាប់មីនសល់ពីសម័យសង្គ្រាមផ្ទុះខ្ទេចមុខ

បាត់ដំបង៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយសារបើកត្រាក់ទ័រភ្ជួរដីប៉ះចំមីនតោនដែលសល់ពីសម័យសង្គ្រាម បង្ករអោយមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចអន្លង់ឈើទាល ស្ថិតក្នុងភូមិព្រៃទទឺង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ដួង នៀម អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអោយដឹងថា នៅក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃរបស់ CMAC កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនអន្តរជាតិទាំងឡាយ កម្ពុជាបានបោសសម្អាតផ្ទៃដីប្រមាណតែជាង ១,៤០០គីឡូម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត៤លានគ្រាប់។

ក្នុងនោះដែរ CMAC បោសសម្អាតផ្ទៃដីជាង ៨៥៨គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត៣លានគ្រាប់ផងដែរ។ តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិការទាំងអស់បានឲ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីមានមីនជិត ២,០០០គីឡូម៉ែត្រក្រឡាទៀត ទើបបោសសម្អាតមីនអស់ទាំងស្រុង៕

COMMENTS