ខឹង​ឪពុក​ស្តី​អប់រំ​ណែនាំ កូនប្រុស​ចិត្តខ្លាំង​ដុត​ម៉ូតូ​១​គ្រឿង​ចោល

រតនគិរី ៖ បុរសម្នាក់ដុតម៉ូតូចោលមួយគ្រឿងឆេះអស់គ្មានសល់ នៅមុខផ្ទះរបស់ខ្លួន បន្ទាប់ពីឪពុកស្ដីបន្ទោស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះ ផន រន ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ បុរសដែលដុតម៉ូតូនោះមានឈ្មោះ រន ប្រ៉ន អាយុ ១៧ឆ្នាំ ជនជាតិទំពួន ត្រូវជាកូនបង្កើតរបស់ឈ្មោះ ផន រន ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ ម៉ូតូដែលដុតឆេះអស់នោះម៉ាក អ៊ិនស៊ីអ៊ិច ពណ៌ខ្មៅ អត់ស្លាកលេខ។

តាមការឲ្យដឹងពីនគរបាលអធិការស្រុកលំផាត់ថា មូលហេតុដែលដែលធ្វើឲ្យកើតអំពើហឹង្សានេះ គឺបណ្ដាលមកពីឪពុកឈ្មោះ ផន រន បានស្ដីបន្ទោសឲ្យកូនប្រុស ឈ្មោះ រន ប្រ៉ន ទាំងព្រឹក ដែលដើរលេង មិនសូវចូលផ្ទះ មិនដែលជួយធ្វើការឪពុកម្ដាយ។ ក្រោយពីស្ដីបន្ទោស កូនប្រុសថ្លើមធំនោះ បានអូសម៉ូតូទៅមុខផ្ទះ បើកគំរបសាំង កេះដែកកេះដុតតែម្ដង ក្រោយពេលដុតរួច ជនល្មើសរត់គេចខ្លួនបាត់។ សមត្ថកិច្ច បានបន្តថា បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ឃុំកាឡែង កំពង់តាមស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួនចាត់ការបន្តតាមច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS