ចំជាសំណាងអាក្រក់មែន ! កាន់ទូរស័ព្ទទំនើប IPhone8 ទៅនិយាយក្នុងបន្ទប់ទឹក ស្រាប់តែត្រូវមកជួបរឿងស៊យផ្ទួនៗបែបនេះ

ប្រទេសចិន ៖ គួរមានការប្រុងប្រយ័ត្នទៅលើរបស់លើខ្លួនដែលងាយនឹងរអិលធ្លាក់នៅេពេលដែលអ្នកចូលទៅក្នុងបន្ទប់ទឹក ​ព្រោះវាអាចបង្កការខូខខាតនិងបាត់បង់ដល់អ្នកបាន។ ប្រភពព័ត៌មានចិនបានចំផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសម្នាក់រងរបួសដៃដោយសារតែទូរស័ព្ទទំនើប IPhone 8 របស់ខ្លួនធ្លាក់ចូលទៅក្នុងបង្គន់។ ​​រឿងរ៉ាវនេះបានកើតឡើងនៅក្នុងសណ្ឋាគារ Luzhou តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។

តាមរយៈសម្តីបុរសនេះបានអោយដឹងថា ទូរស័ព្ទទំនើប IPhone8 របស់គាត់ទើបតែទិញថ្មីៗ ដោយមានការសោកស្តាយពេលវាធ្លាក់ចូលទៅបង្គន់បែបនេះ គាត់ក៏សម្រេចចិត្តប្រើដៃលូកចូលទៅក្នុងនោះ។ ប៉ុន្តែអ្នកណាទៅដឹងពេលដែលគាត់ដកដៃចេញមកវិញ ដៃរបស់គាត់ស្រាប់តែមិនអាចដកចេញមកបានរហូតដល់ក្រុមអ្នកសង្រ្គោះមកដល់ទើបអាចដកចេញបាន។ លោក Khan បាននិយាយថានៅថ្ងៃកើតហេតុគាត់ និង មិត្តភក្តិរបស់គាត់បានផឹកស្រាជាច្រើនជាមួយគ្នា គាត់បានដើរចូលបន្ទប់ទឹកដើម្បីទទួលទូរស័ព្ទ។

ខណៈពេលនោះទូរស័ព្ទរបស់គាត់បានរអិលធ្លាក់ចូលទៅក្នុងបង្គន់នោះ គាត់ក៏បានប្រើដៃលូកចូលទៅក្នុងនោះដើម្បីទាញយកទូរស័ព្ទមកវិញហើយក៏បានជាប់ដៃក្នុងនោះ​។ ​ដោយមិនមានអ្វីទាក់ទងសុំជំនួយ និងមានភាពអៀនខ្មាសគាត់បានប្រើពេលជាងកន្លះម៉ោង ព្យាយាមដកដៃខ្លួនចេញមកវិញ។ ដោយនៅតែមិនអាចដកបានគាត់សម្រេចចិត្តស្រែករកជំនួយ ក្រុមអ្នកសង្រ្គោះបានវាយបំបែកបង្គន់នោះទើបអាចទាញដៃគាត់ចេញមកវិញបាន។ ជាពិតជាសំណាងអាក្រក់របស់គាត់ខ្លាំងណាស់ដៃរបស់គាត់ត្រូវរងរបួស ទូរស័ព្ទ IPhone8 របស់គាត់ក៏បានខូច ហើយគាត់ថែមទាំងត្រូវសងការខូចខាតពីការវាយបំបែកដើម្បីសង្រ្គោះដៃរបស់គាត់ទៅអោយសណ្ឋាគារទៀតផង៕
ប្រភព ៖ sanook

COMMENTS