ចុមយក្ស! ជំនាន់ថ្មីនៃខ្សែសាកថ្មរបស់ក្រុមហ៊ុន Apple នឹងមិនចូលទឹកទេ ដូចនេះអ្នកអាចសាកថ្ម iPhone ក្នុងទឹកបាន

កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក បានបង្ហាញពីប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ដែលបានណែនាំពីជំនាន់ថ្មីនៃខ្សែសាកថ្ម Lightning របស់ក្រុមហ៊ុន Apple ដែលអាចប្រើប្រាស់បានជាមួយនឹងផលិតផល iPhone រឺ iPad នឹងមិនចូលទឹកទេ ពោលគឺមានស្រោមការពារ។

ទាក់ទងទៅនឹងស្រោមការពារខ្សែសាកថ្មជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះនឹងមានសមត្ថភាពអាចការពារទឹក កំទេចកំទី និងផលប៉ះពាល់ផ្សេងៗទៀត ដោយធានាបានថាគុណភាពនឹងនៅតែរក្សាបានដដែល។ ស្របពេលជាមួយគ្នានេះ ខ្លឹមសារក្នុងប៉ាតង់បានពន្យល់ថា “ការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Apple ដែលទាក់ទងទៅនឹងខ្សែសាកថ្មជំនាន់ថ្មី គឺមានសមត្ថភាពអាចទ្រទ្រង់ និងធន់ទៅនឹងសំណើម រឺធូលីដីបាន។ មួយវិញទៀត សម្រាប់រន្ធភ្ជាប់ និងក្បាលខ្សែក៏អាចធានាបានសុវត្ថិភាព 100% ដែរ ពោលគឺមិនឆ្លងចរន្ដអគ្គិសនីឡើយ។”

គួរបញ្ជាក់ផងដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple នេះត្រូវបានស្នើរតាំងពីត្រីមាសទី1 ឆ្នាំ2017 មកម្លេះ។ ដូចនេះ យើងមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុននឹងសម្រេចចេញខ្សែសាកថ្មជំនាន់ថ្មីនេះឲ្យប្រើប្រាស់នៅពេលណា។

Fu

ប្រភព៖ idropnews