ទាំងព្រលឹមតែម្តង! គ្រោះថ្នាក់ចរាចរណ៍ដោយសារជនរងគ្រោះជិះម៉ូតូដេញចាប់ចោរឆក់ទៀតហើយ

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបស្ពាយបានសម្រេចទាំងព្រលឹម ហើយព្យាយាមជិះម៉ូតូតាមចោរស្រាប់តែជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលអោយដួលបែកក្បាលហូរឈាម និងបាត់ការចងចាំបន្តិចបន្តួច ខណៈពេលជនរងគ្រោះជិះម៉ូតូទៅបើកថ្នាំនៅពេទ្យរុស្សី បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ ចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កត់ទឹកថ្លា ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះម្តុំកាំកូសុីធីក្នុងគោលបំណងទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្សី លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex មិនចាំស្លាកលេខ មកឆក់កាបូបស្ពយពីគាត់បានសម្រេច ភ្លាមនោះគាត់បានព្យាយាមជិះម៉ូតូដេញតាមជនសង្ស័យមកដល់ចំណុចផ្លូវ១៨២កែង២៧១ ស្រាាប់តែគាត់ជិះទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរតាមផ្លូវបណ្តាលអោយដួលបែកក្បាលហូរឈាមសន្លប់មួយសន្ទុះ។ សមត្ថកិច្ចបានអោយដឹងដែរថា ក្រោយពេលដឹងខ្លួនពីសន្លប់វិញ ស្ត្រីរងគ្រោះហាក់បាត់ការចងចាំសួរអ្វីក៏មិនដឹង ប្រមាណ១ម៉ោងក្រោយទើបឃើញមានក្រុមគ្រួសារមកទទួលទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសម្ភារៈដែលនៅក្នុងកាបូបនោះមិនដឹងថាមានអ្វីខ្លះនោះទេដោយសារជនរងគ្រោះដួលបោកក្បាលរវើរវាយ។

ស្ត្រីរងគ្រោះមានឈ្មោះ យឿន សុីវូន ហៅនី អាយុ៤៤ឆ្នាំ មានទីលំនៅម្តុំកាំកូសុីធី៕

COMMENTS