ក្រុមហ៊ុន WML+ នាំយកថវិកាពីសប្បុរសជន និងអាវយឺត Minion ៧០០ ទៅជូនក្មេងៗនៅ CCF

ភ្នំពេញ៖ ក្រុមហ៊ុន Westec Media Limited (WML+) សហការជាមួយនឹងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា CCF បានប្រារព្ធកម្មវិធីបរិច្ចាគប្រាក់សប្បុរសធម៍ នៅថ្ងៃទី២៨ ខែកក្កដា នាឯសហគមន៍របស់អង្គការ CCF ស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ ដែលជាទីជម្រកស្នាក់នៅរបស់ប្រជាជនក្រីក្រមួយចំនួនធំ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានបង្កើតឡើង គឺក្នុងគោលបំណងចូលរួមចំណែក ដើម្បីពាំនាំនូវភាពកក់ក្តៅ និងភាពសប្បាយរីករាយដល់ក្មេងៗដែលមិនមានលទ្ធភាពក្នុងសហគមន៍ស្ទឹងមានជ័យ ហើយជាពិសេសនោះគឺចង់បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ដល់អង្គការ CCF ដែលតែងតែព្យាយាមមិនរាថយ ក្នុងការមើលថែ ផ្តល់ការអប់រំ និងណែនាំ ដល់កុមារកម្ពុជាជាច្រើនដែលមិនមាន លទ្ធភាពក្នុងការរៀនសូត្រ និងទទួលបានអ្វីៗដែលល្អសម្រាប់ពួកគេខ្លួនឯង។

ក្នុងនោះដែរ ក្រុមហ៊ុន WML+ ក៏បាននាំយកប្រាក់សប្បុរសធម៍មួយចំនួន ដើម្បីបរិច្ចាគដល់អង្គការ និងអាវយឺតគួរឲ្យស្រលាញ់ ដែលមានរូបតុក្កតា Minion ចំនួន៧០០អាវ សម្រាប់ចែកជូនដល់ក្មេងៗទៀតផង។ ជាមួយនឹងការជួយយ៉ាងពេញទំហឹងពីអង្គការ CCF ទើបធ្វើឲ្យកម្មវិធីដំណើរការយ៉ាងរលូន ហើយជាពិសេសនោះគឺទឹកមុខក្មេងៗ សុទ្ធតែបានរំលេចនូវស្នាមញញឹម និងភាពសប្បាយរីករាយទាំងអស់ ស្របពេលដែលពួកគេកំពុងរង់ចាំការជូនកាដូជាអាវយឺត ពីសំណាក់ក្រុមហ៊ុន WML+។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន WML+ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១១ ក្នុងនាមជាក្រុមហ៊ុនចែកចាយភាពយន្តអន្តរជាតិដំបូងគេបង្អស់ មកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀតពួកគេតែងតែ ជួយគាំទ្រនិងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា តាមរយៈមធ្យោបាយជាច្រើន ហើយព្រមទាំងជ្រោមជ្រែងដល់បណ្តាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលដៅក្នុងការជួយ និងផ្តល់នូវការអប់រំ ការព្យាបាល និងចំណីអាហារ ដល់ប្រជាជន និងកុមារដែលមានជីវភាពខ្វះខាត ក្នុងប្រទេសកម្ពុជា ផងដែរ៕

COMMENTS