Super Data Race 2 របស់សែលកាត នឹងធ្វើអោយមានភាពកក្រើកជាថ្មី នៅលើទឺកដីខេត្តសៀមរាប

នៅថ្ងៃនេះ សែលកាត បានប្រកាសថា ព្រឹត្តិការណ៍ Super Data Race 2 នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃអាទិត្យ ទី9 ខែកក្កដា នេះ។

ក្រុមហ៊ុនសែលកាត បានថ្លែងថា កម្មវិធីនេះរំពឹងថា នឹងទទួលបានភាពជោគជ័យជាថ្មីម្តងទៀត ដូចព្រឹត្តិការណ៍លើកដំបូងដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីខែមេសាដែរ ដោយមានអ្នកចូលរួមជាង 600នាក់។

Super Data Race ជាការប្រកួតដែលតម្រូវឲ្យអ្នកចូលរួមស្វែងរកទីតាំងអាថ៌កំបាំងជាច្រើន ដែលមានបង្ហាញតម្រុយ ដើម្បីឲ្យពួកគេដោះស្រាយ តាមរយៈកម្មវិធីទូរស័ព្ទដែលបង្កើតឡើងយ៉ាងពិសេសបំផុត។ បេក្ខជនដែលបានស្វែងរកឃើញទីតាំងនីមួយៗ និងបញ្ចប់បេសកកម្មទាំងអស់មុនគេ ជាអ្នកឈ្នះ។

ការប្រកួតលើកនេះ តម្រូវអោយអ្នកចូលរួមប្រកួតធ្វើដំណើរដោយថ្មើរជើង ជុំវិញតំបន់សៀមរាប និងបំពេញបេសកកម្ម ឬឆ្លើយសំណួរនានា ដែលបានដាក់សួរនៅលើកម្មវិធី ដោយរួមមានដូចជា ការដើររកទីកន្លែងតាមរូបភាព លេខកូដ QR ព្រមទាំងការបង្ហោះទៅលើបណ្ដាញសង្គម ឬអាចជាការថតរូប Selfie រួមជាមួយ hashtag​ ជាដើម។

ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យមនុស្សគ្រប់វ័យទទួលបាននូវបទពិសោធន៍ ក្នុងការប្រើប្រាស់បណ្ដាញសេវាអ៊ីនធើណិតល្បឿនលឿនដំបូងបំផុតរបស់ សែលកាត​ ហើយជាងនេះទៅទៀតគឺ ដើម្បីធានាឲ្យបាននូវការផ្ដល់សេវាអ៊ីនធើណិតក្នុងតម្លៃដ៏សមរម្យបំផុត សម្រាប់កម្ពុជាទាំងមូល។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា វាពិតជាអស្ចារ្យលើសពីពាក្យថា “សាកសិនបានដឹង” ហើយវានឹងជំនួសដោយពាក្យ “អូហូ ឲ្យ សែលកាត ខ្ញុំប្រើឥឡូវមក!”

“បណ្ដាញសេវារបស់យើងពិតជាល្អ ហើយកាន់តែប្រសើរជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារយើងបានតំឡើងអង់តែនជាច្រើនបន្ថែមទៀត ដើម្បីជំរុញបណ្ដាញសេវាអ៊ីនធើណិតរបស់យើងឲ្យកាន់តែប្រសើរ” នេះបើតាមការលើកឡើងរបស់លោក វ៉ាតសុន។

“យើងទទួលបានការឆ្លើយតបដ៏វិជ្ជមានពីការប្រកួតលើកមុន ហើយលើកនេះយើងរំពឹងថា ល្បឿនអ៊ីនធើណិតនឹងកាន់តែលឿនជាងមុនទ្វេរដង។”

លោក វ៉ាតសុន បានបញ្ជាក់ទៀតថា ការប្រកួតនៅសៀមរាប ជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន ដើម្បីបង្ហាញវត្តមានកាន់ច្រើននៅតាមតំបន់ជនបទ ហើយលើសពីនេះទៀត គឺដើម្បីឲ្យបុគ្គលិកចំណាយពេលវេលាឲ្យបានច្រើន នៅតាមបណ្ដាខេត្ត ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន ដែលរស់នៅកន្លែងផ្សេងក្រៅពីភ្នំពេញ។

“ក្រៅពីនេះ យើងនឹងមានសកម្មភាពថ្មីៗជាបន្តបន្ទាប់ នៅតាមតំបន់ជនបទ ដើម្បីបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះអតិថិជនដែលនៅឆ្ងាយ ដូចអតិថិជននៅភ្នំពេញដែរ។”

ការប្រកួតនេះ នឹងបើកឲ្យសាធារណជននៅខេត្តសៀមរាប អាចចូលរួមដោយសេរី​ ដោយពួកគេត្រូវមានស្មាតហ្វូន Android ឬ iOS។

គួរបញ្ជាក់ផងដែរថា ជ័យលាភីរង្វាន់លេខមួយនឹងទទួលបានទឹកប្រាក់ 5000ដុល្លារ រង្វាន់លេខពីរទទួលបានម៉ូតូ Honda Zoomer X 2017 ថ្មីមួយគ្រឿង និងរង្វាន់លេខបីទទួលបានស្មាតហ្វូន Samsung Galaxy X8។

អ្នកចូលរួមប្រកួតទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមកម្មវិធីជប់លៀងបញ្ចាប់ការប្រកួត ដោយមានរង្វាន់ជាច្រើនទៀត សម្រាប់លួងចិត្តផងដែរ។

ជាមួយគ្នានេះដែរ ក៏នឹងមានការកម្សាន្តសប្បាយជាមួយក្រុមអ្នកចម្រៀងរ៉េប Juvie Lin និងសមាជិកក្រុមរាំ Polarix ជាមួយនឹងការផ្ដល់ទស្សនីយភាពពី Brave EDM (ចលនាក្បាច់រាំអេឡិចត្រូនិក)។

ដើម្បីចុះឈ្មោះចូលរួមប្រកួត អ្នកចូលរួមគ្រាន់តែដោនឡូតកម្មវិធី Super Data Race លើ Playstore និង App Store រួចចុះឈ្មោះតាមការណែនាំ។

ការប្រកួតនេះ នឹងចាប់ផ្ដើមនៅ Angkor Fashion Plaza ខេត្តសៀមរាប វេលាម៉ោង 2 រសៀលតទៅ។ ហើយអ្នកប្រណាំងទាំងអស់ នឹងទទួលបានកញ្ចប់ពិសេស សម្រាប់ការប្រកួត ដែលមានដូចជា អាវយឺត #LightUpKH មួក កាបូប កងដៃ និងស្ទីកគ័រ។

http://hyperurl.co/superdatarace

COMMENTS