ស៊យធំ! ដឹកដែកទីបមួយជើងនេះខាតអស់៨០០ដុល្លារ!

ភ្នំពេញ៖ រថយ​ន្តតួរីសមួយគ្រឿងដឹកដែកពេញលើដំបូលតែមានការធ្វេសប្រហែសចងមិនជាប់ល្អ ដាច់ខ្សែធ្លាក់ដែកត្រូវរថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវបណ្តាលអោយបែកកញ្ចក់ផ្នែកខាងក្រោយ តែសំណាងល្អមិនមាននរណាម្នាក់រងរបួស ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីចំណុចមុខវត្តទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តតួរីស ពណ៌លឿង មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-0261មានចងដែលទីបជ្រុងជាច្រើនដើមលើដំបូល លុះមកដល់កន្លែងកើតហេតុដែលមានមនុស្សឆ្លងកាត់ច្រើន រថយន្តខាងលើបានជាន់ហ្វ្រាំងបន្ថយល្បឿនស្រាប់តែដែកដែលចងលើដំបូលនោះជ្រុះធ្លាក់បុកត្រូវរថយន្តមួយគ្រឿងម៉ាក មីតស៊ុយប៊ីសុី ពាក់ស្លាកលេខ ភ្នំពេញ 2Q-2121 ដែលធ្វើដំណើរពីមុខបណ្តាលអោយបែកកញ្ចក់ផ្នែកខាងក្រោយខ្ទេចតែម្តង តែមិនបង្កររបួសស្នាមនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តទាំង២បានធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ករបានចេញថ្លៃជួសជុលរថយន្តរងគ្រោះជនរងគ្រោះ៨០០ដុល្លារដើម្បីបញ្ចប់រឿង៕

 

COMMENTS