រយៈពេលត្រឹមតែ១១ថ្ងៃសោះ សមត្ថកិច្ចថៃបានបញ្ជូនខ្លួនពលករខ្មែរប្រមាណជាង៤០០០នាក់ត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ត្រីស្នាក់ការនគរបាលប្រឆាំងការជួញដូរមនុស្សក្រុងប៉ោយប៉ែតបាអោយដឹងថា ក្នុងកំឡុងពេល១១ថ្ងៃចុងក្រោយនេះ សមត្ថកិច្ចថៃបានចាប់ខ្លួន និងបញ្ជូនពលករខ្មែរប្រុសស្រីប្រមាណជា៤០០០ពាន់នាក់ត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនប៉ោយប៉ែត។ ពលករម្នាក់ដែលបានឆ្លងដែនមកដល់ប្រទេសកម្ពុជាវិញបានប្រាប់អោយដឹងថា​ ” ខ្ញុំពេលនេះ បានសម្រេចចិត្តមកកម្ពុជាវិញ គឺដោយតែបានថៅកែថៃ ទទួលព័ត៌មានថា រដ្ឋាភិបាលរបស់គេបានប្រកាសមិនអនុញ្ញាតឲ្យពលករបរទេសរស់នៅខុសច្បាប់ ធ្វើការខុសច្បាប់បន្តទៀតឡើយ​ ប្រសិនបើសមត្ថកិច្ចថៃរកឃើញ ​ឬប្រទះឃើញ និងធ្វើការផាកពិន័យថវិកាថៅកែរហូតជាប់ពន្ធនាគារផងដែរ​។

ឃើញបែបនេះពួកខ្ញុំ សម្រេចចិត្តមកកាន់កម្ពុជាវិញដើម្បីធ្វើលិខិត​ច្បាប់ការរស់នៅ ច្បាប់ការងារ ក្នុងប្រទេសថៃ ហើយនឹងមកកាន់ប្រទេសថៃវិញធ្វើការងារបន្តទៀត នៅថ្ងៃក្រោយ “។ ក្នុងនោះដែរពលករខ្មែរទាំងទាំងអស់ ក៏បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជួយគិតគូរដល់ច្បាប់ការងារ និងច្បាប់រស់នៅដោយស្របច្បាប់ជាបន្ទាន់ផង ព្រោះតែការស្នើសុំទៅកាន់សមត្ថកិច្ចជំនាញកម្ពុជា គឺយកលុយថ្លៃណាស់ និងការផ្តល់សេវាមានការយឺតយ៉ាវផងដែរ។ លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់ម្ចាស់រថយន្តតាក់ស៊ី រថយន្តក្រុង​ និងមធ្យោបាយនានាមិនអនុញ្ញាតយកថ្លៃជាដាច់ខាត បើសិនជាប្រទះឃើញ ឬតាមព័ត៌មាននានាពីករណីនេះ អាជ្ញាធរ​ និងសមត្ថកិច្ចជំនាញ នឹងចាត់វិធានការតាមផ្លូវច្បាប់៕

COMMENTS