អ្នកជំនាញ៖ ខ្នុរនឹងក្លាយជាអាហារសំខាន់សម្រាប់ប្រើជំនួសសាច់ជ្រូក និងជួយអ្នកអត់អាហាររាប់លាននាក់នៅលើពិភពលោក

ខ្នុរជាផ្លែឈើមួយប្រភេទដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានស្លាល់ និងធ្លាប់ទទួលទាន។ ផ្លែឈើនេះមានរស់ក្លិនក្រអូបឈ្ងុយ រស់ជាតិផ្អែម ហើយគេមិនត្រឹមតែអាចញ៉ាំសាច់របស់វាបាននោះទេ សូម្បីតែគ្រាប់របស់វាក៏គេអាចយកទៅចម្អិនញ៉ាំបានដែរ។ សម្រាប់ប្រជាជនខ្មែរយើងអ្នកខ្លះបានបោះគ្រាប់ខ្នុរចោល ឬអ្នកខ្លះវិញបានយកគ្រាប់ខ្នុរទៅចម្អិនទុកគ្រាន់ញ៉ាំលេងតែប៉ុនណោះ។

តែយ៉ាងណាក្តី សម្រាប់អ្នកនាញផ្នែកចំណីអាហារវិញបានអះអាងថា ខ្នុរជាផ្លែឈើដែលងាយស្រួលដាំ និងមានរស់ជាតិសាច់ជ្រូកអីចឹង​ ហើយវានឹងអាចក្លាយជាអាហារដ៏ល្អសម្រាប់អ្នកអត់អាហាររាប់លាននាក់នៅជុំវិញពិភពលោក។ បើយោងតាមលោក Jordan Graysonសហគ្រិនវ័យ ២៣ ​ឆ្នាំបានឲ្យដឹងថា ខ្នុរដែលជាប្រភេទដំណាំងាយដាំដុំនៅតំបន់ភាគខាងត្បូងអាស៊ីមួយនេះ នឹងក្លាយជាអាហារសំខាន់មួយនៅពេលដែលដំណាំស្រូវ និងពោតត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិ។

ដំណាំនេះងាយដាំដុំ មិនងាយរងនូវការបំផ្លាញដោយគ្រោះធម្មជាតិ មានសារជាតិចិញ្ចឹមនិងវីតាមីនច្រើនប្រភេទ មានតម្លៃថោក ហើយតឹ្រមតែខ្នុរមួយផ្លែគេអាចញ៉ាំវាបានពេញមួយគ្រួសារទៀតផង។ យោងតាមទឡ្ហីករណ៍ខាងលើនេះ  អ្នកជំនាញលកំពុងសិក្សា និងស្វែរកវិធីនាំយកខ្នុរទៅលក់ក្នុងទីផ្សារប្រទេសអង់គ្លេសដើម្បីធ្វើជាអាហារជំនួសសាច់ជ្រូក។ ក្រុមអ្នកជំនាញសង្ឃឹមខ្ពស់ថា ខ្នុរនឹងក្លាយជាអាហារសុខភាពដ៏ល្អពេលគេប្រើវា ជំនួសសាច់ជ្រូក ហើយវានឹងមានទីផ្សារខ្ពស់ក្នុងចក្រភពអង់គ្លេសនៅពេលអនាគត៕

ភក្តី

ប្រភព៖ asiantown