ជិះម៉ូតូលឿនពេកជ្រុលបុករថយន្តក្រឡុកស៊ីម៉ង់ត៍ស្លាប់ខ្លួនឯង

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត និងនារី២នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលពួកគេទាំង៣នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាល​ពី​វេ​លា​ម៉ោង​០៨ ​និង​៣៥​នាទី​យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ​២០​១៧ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​គ្រោះ​ថ្នាក់ គេឃើញ​ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ​មួ​យគ្រឿង​ម៉ាង ហ្ស៊ូមើរអុិច ពណ៌ស ពាក់​ស្លាក​លេ​ខ ​កណ្តាល 1U-7374 ធ្វើដំណើរយ៉ាងលឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះមក​ដល់​ចំណុច​កើត​ហេតុ ​ក៏​បាន​ជ្រុល​បុក​រថយន្ត​ក្រឡុក​សុីម៉ង់តិ៍១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុម​ហ៊ុន SCG ដែល​កំពុង​បត់​ចូល​ក្នុង​ការ​ដ្ឋាន​ចំ​ពាក់​កណ្តាល​រថយន្ត​ពេញ​ទំហឹង បណ្តាល​ឲ្យ​ទាំង​មនុស្ស និងម៉ូតូ ខ្ទាត​ចូល​ក្រោម​កង់​រថយ​ន្ត​ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងនារី២នាក់ទៀតរង​របួស​ធ្ងន់​។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​បាន​ចុះ​វាស់​វែង និង​ឃាត់​រថយន្ត​ទុក​នៅ​កន្លែង​កើត​ហេតុ រង់ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោ​យ ខណៈ​សាក​សព​ជន​រងគ្រោះ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កៀន​ស្វាយ ចំណែក​ស្ត្រី​របួស​ធ្ងន់​២​នាក់​ទៀត ត្រូវ​បាន​រថយន្ត​សាំមុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ ៕

COMMENTS