ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ជាប់ម្នាក់

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់បានសម្រេចបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់ធ្វើដំណើរថ្មើជើងតាមបណ្តោយផ្លូវលេខ១០៧ ដោយមានកាន់ទូរស័ព្ទនៅនឹងដៃ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1C.5300 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចភ្លាមៗ តែត្រូវសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្បែរនោះដេញតាមពីក្រោយ ធ្វើអោយជនសង្ស័យភ័យជិះម៉ូតូដួលទើបសមត្ថកិច្ចចាប់បានម្នាក់ជាមួយម៉ូតូ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ ជនរងគ្រោះជាម្ចាសទូរស័ព្ទមានឈ្មោះ ធុង សៀងលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ជាបុគ្គលិកក្រុមហ៊ុននៅជិតកន្លែងកើតហេតុ ចំណែកជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ សាល ពិសិដ្ឋ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ជ័យជំនះ។

 

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចំណែកទូរស័ព្ទដៃជនរងគ្រោះបានប្រគល់អោយជនរងគ្រោះវិញ៕

COMMENTS