ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការឃុំខ្លួនស្ត្រីមេតុងទីនដែលឆបោកលុយកូនតុងទីនជា២មុឺនដុល្លារ

ភ្នំពេញ៖​ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការឃុំខ្លួនស្ត្រីជាមេតុងទីនប្រចាំខណ្ឌពោធិ៍សែនជ័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីសុីដាច់លុយរបស់កូនតុងទីនជាង២មុឺនដុល្លារ។

ស្រ្តីមេតុងទីនដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះ ចាន់ ធឿន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៩ ផ្លូវលេខ១០៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៥៨ អ.យ.ឌ ចេញដោយលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបណ្តឹងកូនតុងទីនជាច្រើននាក់ ដែលបានប្តឹង រំលោភលើទំនុកចិត្ត និងឆបោកប្រាក់ពួកគេជាង២ម៉ឺនដុល្លារអាមេរិក។

នៅពេលសមត្ថកិច្ចបានបញ្ជូនមេតុងទីនមកសាលាដំបូងរាជធានីភ្នំពេញគេឃើញតំណាងឲ្យដើមបណ្តឹង៤នាក់ ដែលមានឈ្មោះ ទូច សោភា, សាំង ស្រីពៅ, ជា ឆាយលាង និងឈ្មោះ ឈុន ស្រីមុំ តាមប្រមាញ់ជាប់ ដោយមិនទុកចិត្តខ្លាចតុលាការដោះលែងដោយគ្មានសំណងដល់ជនរងគ្រោះ។ ក្នុងនោះដែរ ពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន គេឃើញមានមន្ត្រីនគរបាលម្នាក់ដែលជាប្តីរបស់ស្ត្រីមេតុងទីនខាងលើបានទៅឡាំប៉ានៅក្រសួងមហាផ្ទៃបង្ករអោយមានការភ្ញាក់ផ្អើល លុះសមត្ថកិច្ចបម្រុងឃាត់ខ្លួនមកសួរនាំស្រាប់តែជិះម៉ូតូចេញទៅវិញបាត់៕

COMMENTS