ឪពុកម្តាយខំរកលុយឲ្យរៀន បែរជាមកជិះម៉ូតូដេញវាយគ្នាតាមផ្លូវទៅវិញ

រាជធានីភ្នំពេញ៖ ក្មេងសិស្សសាលាមួយក្រុមមានគ្នា៧ម៉ូតូបានជិះដេញវាយតប់គ្នាតាមដងផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ហើយកម្លាំងសមត្ថកិច្ចបានដេញចាប់ឃាត់ខ្លួនបានចំនួន៣នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៤៨៨ ក្រោយវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ណន ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២-ឈ្មោះ គីម ដារ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី៣-ឈ្មោះ ម៉ា វុទ្ធាផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះលេខ១៣៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្មេងទំនើងមួយក្រុមមានគ្នា៧ម៉ូតូ មានអ្នកខ្លះកាន់កាំបិត អ្នកខ្លះកាន់ខ្សែក្រវ៉ាត់ បានជិះដេញវាយតប់គ្នាពេញផ្លូវយ៉ាងអនាធិបតេយ្យបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមនោះកម្លាំងសមត្ថកិច្ចកំពុងតែជិះល្បាតក្នុងមូលដ្ឋានបានឃើញហេតុការណ៍នោះក៏បានជិះដេញតាមចាប់បានចំនួន៣នាក់ ព្រមទាំងដកហូតម៉ូតូមួយគ្រឿងម៉ាក Suziki Nex ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DC-6890។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងនោះទៅកាន់អធិការដ្ឋាននគរ បាលខណ្ឌចំការមន ដើម្បីសាកសួរបន្ត និងចាត់ការតាមផ្លូវច្បាប់៕

COMMENTS