ខឹងឪពុកម្តាយបង្ខំឲ្យរៀបការជាមួយបុរសខ្លួនមិនស្រលាញ់ នារីម្នាក់បែកគំនិតដាក់ថ្នាំពុលសម្លាប់ប្តី បែរជាមិនស្លាប់ប្តីទៅស្លាប់បងប្អូនខាងប្តីស្ទើរទាំងពូជ

ប៉ាគីស្ថាន៖ ស្រ្តីជាប្រពន្ធម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទបានសម្លាប់បងប្អួនសាច់ថ្លៃរបស់នាងអស់ចំនួន១៥នាក់។ ស្រ្តីរូបនេះមានឈ្មោះ ថា Aasia Bibi អាយុ២១ឆ្នាំ ហើយប្តីរបស់នាងមានឈ្មោះថា Amjad Akram អាយុ២៥ឆ្នាំ រស់នៅក្នុងប្រទេសប៉ាគីស្ថាន។ ប្តីប្រពន្ធមួយគូនេះបានរៀបការជាមួយគ្នាទើបតែបានរយៈពេល២ខែប៉ុណ្ណោះ តែការរៀបការនេះមិនមែនជាការពេញចិត្តរបស់ស្ត្រីជាប្រពន្ធនោះទេ នាងបានរៀបការទាំងបង្ខំចិត្តក្រោមសម្ពាធគ្រួសារ ព្រោះតែនាងកំពុងស្រលាញ់បុរសម្នាក់ផ្សេងទៀត។

ក្នុងរយៈពេល២ខែក្រោយការរៀបការនេះ នាងបានរស់នៅទាំងទើសទាល់ ទាំងខឹង និងមានគំនិតចង់ចាកចេញពីប្តីរបស់នាងជាខ្លាំង។ ការមិនពេញចិត្តនេះបានធ្វើឲ្យស្រ្តីជាប្រពន្ធសម្រេចដាក់ថ្នាំពុលក្នុងទឹកដោះគោឲ្យប្តីផឹក ដើម្បីសម្លាប់ប្តីរបស់នាងចោល តែបុរសជាប្តីមិនបានផឹកទឹកដោះគោនោះទេ។ ឃើញទឹកដោះគោដែលមានថ្នាំពុលនោះនៅសល់ ម្តាយក្មេកនាង បានយកទឹកដោះគោនោះទៅច្នៃធ្វើជានំញ៉ាំ។ បន្ទាប់ពីបានធ្វើនំរួច គាត់បានចែកនំនេះទៅកាន់បងប្អួន១៤នាក់ផ្សេងទៀត ហើយអ្នកបានញ៉ាំនំនេះ រួមទាំងគាត់ផងបានពុលស្លាប់ទាំងអស់គ្នា។ ក្រោយកើតហេតុនេះ និងបានស៊ើបដឹងថា ជាស្នាដៃរបស់ស្រ្តីជាប្រពន្ធ ខាងប៉ូលិសបានសម្រេចចាប់ខ្លួននាងភ្លាមៗដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ភក្តី

ប្រភព៖ asiantown

COMMENTS