ស្លាប់១នាក់និងរបួស៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

បាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងរងរបួស៤នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពី​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច​ក្រុមទី១៧ ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមានទី១-ឈ្មោះ ធឿន ចាន់​ឌី ភេទ​ស្រី អាយុ១៣ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ ឌី វ៉ាន់ដា ភេទ​ស្រី អាយុ៦ឆ្នាំ (ស្លាប់) ៣-ឈ្មោះ វ៉ាន់ វិត ភេទ​ស្រី អាយុ១០ឆ្នាំ (របួសធ្ងន់) ៤-ឈ្មោះ សាត ហេង ភេទ​ប្រុស អាយុ១០ឆ្នាំ(របួសធ្ងន់) ចំណែកឯតៃកុងរថយន្តមានឈ្មោះ ម៉ៅ សុ​វណ្ណា​រី ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាកហាយ​ឡាស់​វី​ហ្គោ ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-1322 បើកបរក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុក៏បានទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះម៉ាក​​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1X-5277 បើកបរដោយឈ្មោះ ធឿន ទ្រី ដែលធ្វើដំណើរស្របទិសដៅគ្នាបណ្តាលអោយមានអ្នកស្លាប់១នាក់ និងរបួស៤នាក់តែម្តង។ ក្នុងនោះផងដែលបានបញ្ចាក់អោយដឹងថា ជនរងគ្រោះខាងលើជាក្មេងប្រុសស្រីដែលរស់នៅក្នុងភូមិជាមួយនិងអ្នកបើកម៉ូតូ។

ក្រោយកើតហេតុ ជនរងគ្រោះដែលនៅរស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ និងអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS