តើមានរឿងអ្វីកើតឡើងប្រសិនបើគេប្រើប្រាស់មុខងារស្កេនមុខ Face ID របស់ iPhone X ទៅលើកូនភ្លោះ? (មានវីដេអូ)

ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ iPhone X ត្រូវបានប្រកាសចេញលក់ជាសាធារណៈហើយ។ មិនតែប៉ុណ្ណោះ iPhone នេះក៏ត្រូវបានគេស្គាល់ថាជាម៉ូដែលគម្រប់ខួប 10ឆ្នាំដែរ ហើយក្រុមហ៊ុន Apple បាននាំយកមកជាមួយនឹងរចនាបទថ្មី មុខងារថ្មី និងលក្ខណៈពិសេសថ្មីៗជាច្រើនផងដែរ។

ដោយឡែក ទាក់ទងទៅនឹងមុខងារថ្មីមួយដែលក្រុមហ៊ុន Apple ទើបតែប្រើប្រាស់ដើម្បីបំពាក់លើផលិតផល iPhone ខ្លួនជាលើកដំបូងនោះគឺមុខងារស្កេនមុខ (Face ID)។ មុខងារនេះមានសមត្ថភាពអាចដោះសោរបានដោយប្រើប្រាស់មុខរបស់ម្ចាស់ ពោលគឺ iPhone X មិនមាន sensor ស្កេនស្នាមក្រយ៉ៅដៃទេ តែជំនួសមកវិញដោយ Face ID នេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តើមានរឿងអ្វីកើតឡើងប្រសិនបើគេប្រើប្រាស់មុខងារនេះទៅលើកូនភ្លោះដែលមានមុខមាត់ដូចគ្នា? យោងតាមគេហទំព័រ Tech Insider បានធ្វើការតេស្តសាកល្បងនេះជាមួយនឹងកូនភ្លោះមួយគូដែលមានឈ្មោះថា Greg Fieber និង Brian Feiber អាយុ 36ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្ដសាកល្បងនេះគឺតម្រូវឲ្យ Greg ធ្វើការស្កេនមុខរបស់គេ បន្ទាប់មកធ្វើតេស្តដោះសោរដោយទទួលបានជោគជ័យ។ បន្ទាប់មកទៀត Greg បានពាក់វ៉ែនតា មុខងារស្កេនមុខក៏នៅតែដំណើរការដូចគ្នា។ បន្ដមកទៀត Greg ពាក់មួក កន្សែងបង់ក ហើយចុងក្រោយពាក់ទាំងវ៉ែនតា មួក និងកន្សែងបង់កទៀត ប៉ុន្ដែ iPhone X នៅតែដំណើរការបានល្អដដែល។

ក្រោយមក Greg បានយក iPhone X ទៅសាកល្បងស្កេនមុខ Brian ម្ដង។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ពួកគេទាំងពីរមិនអាចបោកប្រាស់ iPhone X បានទេ ពោលគឺមុខរបស់ Brian មិនអាចដោះសោរ iPhone X បានឡើយ។ ពួកគេពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុន Apple អាចបង្កើតមុខងារដ៏ល្អឥតខ្ចោះបានបែបនេះ។

Fu

ខ្មែរណូត

ប្រភព៖ tech insider

COMMENTS