អាសូរណាស់! កីឡាករចំណុះទូកឈ្មោះក្តាមប្រៃម្នាក់គាំងបេះដូងស្លាប់ពេលអ៊ុំសាកល្បង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាកីឡាករចំណុះទូកឈ្មោះក្តាមប្រៃមកពីខេត្តកំពង់ឆ្នាំ បានគាំងបេះដូងស្លាប់ភ្លាមៗ ពេលកំពុងតែអ៊ុំសាកល្បងមុនចេញដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការប្រកួត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅមុខវត្តកំពង់ត្រឡាចក្រោម ខេត្តកំពង់ឆ្នាំ។

ជនរងគ្រោះមានឈ្មោះចាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាកីឡាករចំណុះទូកឈ្មោះក្តាមប្រៃ នៅភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយកីឡាករកីឡាការនី និង អុំសាកល្បង មុនពេលចេញដំណើរទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរាជធានីភ្នំពេញ។

នៅក្នុងពេលអុំសាកល្បងនោះទូកឈ្មោះក្តាមប្រៃបានអុំឡើងទៅដើមទីឆ្លងកាត់ពីមុខវេទិការគណះអធិបតី បានប្រហែល៥០ម៉ែត្រស្រាប់តែកីឡាករឈ្មោះចាប ពៅ មានអាការះមិនស្រួលនិងបានដួលនៅលើទូក ហើយក្រុមគ្រូពេទ្យដែលនៅប្រចាំការទីនោះបានចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ ប៉ុន្តែមិនអាចជួយបាន ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពែណី៕

COMMENTS