ចុះបង្ក្រាបសិប្បកម្មយីហោ “ហូលាង” ផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង គ្មានស្តង់ដារ សរុបប្រហែល៩តោន

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញបានចុះធ្វើការឆែកឆេរផលិតផលក្លែងក្លាយ និងគ្មានការអនុញ្ញាតិនៅទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមួយកន្លែង ដែលមានយីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសង្ស័យគ្មានស្តង់ដារផលិតត្រឹមត្រូវបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សិប្បកម្មនោះបានសុំច្បាប់ផលិតផលិតផលតែ២មុខប៉ុណ្ណោះ តែល្មើសច្បាប់លួចផលិតផលិតផលរហូតដល់ទៅ៤មុខគឺមានផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដែលផលិតផលទាំងនោះមិនបានសុំច្បាប់ចុះបញ្ចីផលិតផលជាមួយស្តង់ដារត្រឹមត្រូវនោះទេ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកចិ្ចបានពិនិត្យឃើញផលិតផលសង្ស័យគ្មានស្តង់ដារចំនួនសរុប្រហែល៩តោន។ ពាក់ព័ន្ធនឹងករណីនេះ តំណាងអយ្យការបានបញ្ជាឲ្យធ្វើការបិទបញ្ឈប់ដំណើរទីតាំងសិប្បកម្មនោះបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ថែម៕

COMMENTS