ប្លន់ Zoomer X បាន១០នាទីត្រូវប៉ូលីសក្របួចជាប់

ព្រះសីហនុ៖​ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងពីយុវតីម្នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្លូវ​ចុះ​ចំណោត​អាង​ក្រពើ​ចាស់ នៅ​ក្រុមទី១២ ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ។ ជនសង្ស័យ​ឈ្មោះ អ៊ុ ពិសិដ្ឋ អាយុ២៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានមក​ធ្វើការ​សំណង់ស្នាក់នៅ​កន្លែងធ្វើការ ក្រុមទី៣០ ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ចំណែកឯជនរងគ្រោះឈ្មោះ សេង ស្រី​ពេជ្រ ភេទ​ស្រី អាយុ១៧ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភព​បានអោយដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជូនបងទៅធ្វើការ លុះពេលត្រឡប់មកវិញស្រាប់តែជនសង្ស័យបានធ្វើការប្លន់ដោយយកដុំថ្មគប់ទៅលើនាង ដែលកំពុងធ្វើដំណើរ បណ្តាលអោយដួលម៉ូតូ និងត្រូវរបួស ពេលនោះជនសង្ស័យក៏បានដើរសំដៅទៅលើកយកម៉ូតូរួចជិះគេចខ្លួនសំដៅ​តាមផ្លូវជាតិ​លេខ៤ គ្រាន់លឺតំណឹងនេះភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ បានបញ្ជារទៅកម្លាំង​គ្រប់មុខ​ជំនាញ​គ្រប់​មុខព្រួញ​ទាំងអស់ ដែល​កំពុងមាន​ភារកិច្ច​ល្បាត​តាម​ដងផ្លូវ សហការគ្នា​ដេញ​ស្ទាក់ចាប់​មុខសញ្ញា​ជាបន្ទាន់ មិនបានប៉ុន្មាន១០នាទីក្រោយមកជនសង្ស័យក៏ត្រូវចាប់ខ្លួនបាននៅ​ផ្លូវ​ចូលទៅ​ក្បាលឆាយ ស្ថិតក្នុង​សង្កាត់​លេខ១ ក្រុងព្រះសីហនុ​ ជាមួយនឹង​វត្ថុតាង​នៃ​អំពើ​ប្លន់នេះគឺម៉ូតូ Honda Zoomer-X ១គ្រឿង​ ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

COMMENTS