ការសិក្សាមួយបានរកឃើញថា លោក Jack Ma នឹងមានអាយុវែងក្រោយពេលគាត់ចូលនិវត្តន៍

កាលពីពេលថ្មីៗនេះលោកមហាសេដ្ឋីចិន Jack Ma និងជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិត Alibaba បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីការងារក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈពេលនេះលោកមានអាយុត្រឹម ៥៤ ឆ្នាំ ប៉ុណ្ណោះ។ ​​ដំណឹងមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សារព័ត៌នៅជុំវិញពិភពលោ​ក ហើយសារព័ត៌មួយចំនួនបានបញ្ចេញមតិផ្សេងៗគ្នាជុំវិញប្រធានបទមួយនេះ។ សារព័ត៌មានអេឡិចត្រូនិច Nextshark បានធ្វើការចាប់អារម្មណ៍ថា នៅពេលលោក Jack Ma ចូលនិវត្តន៍ពីការងារលោកនឹងមានអាយុវែងជាងមុន។ ការអះអាងមួយនេះត្រូវបានគេធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សាបែបវិទ្យាសាស្រ្តមួយស្តីអំពីទំនាក់ទំនងសុខភាព និងការងារ​របស់នាយកប្រតិបត្តិ។

ការសិក្សាចំនួន ៤០ ផ្សេងគ្នា និងបានធ្វើការសិក្សាទៅលើនាយកប្រតិបត្តិបុរសចំនួន ១,២២២ នាក់ផ្សេងគ្នាបានបង្ហាញថា នាយកប្រតិបត្តិ ដែលមានពេលសម្រាកលំហែច្រើនជាង ៣ សប្តាហ៍ក្នុងមួយឆ្នាំគឺមានសុខភាពល្អ និងអាចរស់បានយូរ។ ផ្ទុយទៅវិញបើនាយកប្រតិបត្តិណា ដែលទទួលបានការឈប់សម្រាកតិចជាង ៣ សប្តាហ៍ក្នុងមួយឆ្នាំ ឬ ត្រូវគេចាត់ទុកថាជានាយកប្រតិបត្តិ ដែលសកម្មនឹងការងារខ្លាំងនោះគឺមានសុខភាពមិនសូវល្អនោះទេ និងមិនអាចរស់បានយូរទៀតផង។ ហេតុផលខាលើនេះហើយទើបគេហ៊ានអះអាង លោក Jack Ma នឹងមានអាយុវែងក្រោយពេលគាត់ចូលនិវត្តន៍៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark