រថយន្ដ BMW Z8 របស់ Steve Jobs នឹងត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ 40ម៉ឺនដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានប្រកាសថា រថយន្ត BMW Z8 ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោក Steve Jobs នឹងត្រូវដាក់ដេញថ្លៃនៅខែក្រោយនេះ។ រថយន្តគុណភាពខ្ពស់នេះ ត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃប្រហែល 400,000ដុល្លារ រឺច្រើនជាងនេះ។

នៅក្នុងការចុះបញ្ជីជាផ្លូវការរបស់ខ្លួនសម្រាប់រថយន្តស្ព័រស៊េរីឆ្នាំ2000 ក្រុមហ៊ុន Sotheby បានបង្ហាញពីភាពសម្បូរបែបនៃប្រវត្តិកម្មសិទ្ធិរបស់យានយន្ត ដែលរាប់បញ្ចូលទាំងការធានាឲ្យលោក Steve Jobs ចំនួនបីឆ្នាំដំបូង។ យោងតាមទិន្នន័យ ការចុះបញ្ជីអះអាងថាលោក Larry Ellison ជាមិត្តដ៏ល្អ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ORACLE ដែលបានបញ្ចុះបញ្ចូលមិត្តភ័ក្តិមហាសេដ្ឋីរបស់គាត់ឲ្យទិញ Z8 នៅក្នុងឆ្នាំ2000 ដោយលើកឡើងថា វាមិនត្រឹមតែមានគុណភាពខ្ពស់នោះទេ ប៉ុន្ដែវាក៏មានភាពប្រណិត និងសាកសមសម្រាប់មហាសេដ្ឋីផងដែរ។

បន្ទាប់ពីរយៈពេល 3ឆ្នាំនៃការកាន់កាប់ និងថែរក្សារថយន្តនៅក្នុងស្ថានភាពដ៏ល្អ ក្រុមហ៊ុន Sotheby បានកត់សំគាល់ពីរបៀបដែលលោក Jobs បានលក់វាទៅឲ្យមនុស្សម្នាក់នៅទីក្រុង Los Angeles។ ប៉ុន្ដែមួយឆ្នាំក្រោយមកទៀត រថយន្ដនោះត្រូវបានលក់បន្ដទៅប្រតិបត្តិតំបន់ Bay Area Tech។ បន្ទាប់មកពាក្យចចាមអារាមនិយាយថារយៈពេល 18ខែក្រោយមកម្ចាស់ផ្ទះនៅទីក្រុង Los Angeles បានសោកស្ដាយចំពោះការសម្រេចចិត្តរបស់គាត់ក្នុងការលក់ Z8 ហើយបានទាក់ទងអ្នកតាមតំបន់ឆ្នេរដើម្បីទិញវាមកវិញ។

ទោះបីជារថយន្តនេះត្រូវបានប្រើអស់រយៈពេលជាង 17ឆ្នាំមកហើយក្ដី ប៉ុន្ដែការលក់ដេញថ្លៃបានកត់សម្គាល់ថា វាត្រូវបានបើកបរលើផ្លូវបានតែចម្ងាយ 15.200ម៉ាយប៉ុណ្ណោះ ក្នុងអំឡុងពេលនោះ ហើយត្រូវបានរក្សាទុក ថែរក្សាយ៉ាងពេញលេញ និងផ្ដល់សេវាកម្មយ៉ាងល្អផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ យោងតាម The Auto Channel បានឱ្យដឹងថា ក្រុមហ៊ុន BMW បានផលិតរថយន្ត Z8 ចំនួន 3,000 គ្រឿងក្នុងអំឡុងពេលផលិតកម្មរយៈពេល 4ឆ្នាំរបស់ខ្លួន ពោលគឺពីឆ្នាំ1999 ដល់ឆ្នាំ2003 ខណៈពេលដែលវាលក់បានតិចជាង 2.300 គ្រឿងនៅសហរដ្ឋអាមេរិក។

ត្រលប់ទៅឆ្នាំ1999 ម៉ូដែល Z8 មានតម្លៃប្រហែល 128.000ដុល្លារ។ ទោះជាយ៉ាងណា រថយន្ដនេះត្រូវបានគេចាត់ទុកថាមានលក្ខណៈពិសេសជាច្រើន រួមទាំងតួរថយន្តអាលុយមីញ៉ូមដែលត្រូវបានរចនាយ៉ាងប្រណីត។ ម៉ាស៊ីន V8 ចំណុះ 4,9 លីត្រមានសមត្ថភាពផលិតបានកម្លាំងសេះបានជាង 400 និងផ្នែកម៉ាស៊ីនពិសេសៗមួយចំនួន ដែលមិនត្រឹមតែអនុញ្ញាតឱ្យមានការចែកចាយទំងន់ 50/50 រវាងផ្នែកខាងមុខ និងផ្នែកខាងក្រោយនោះទេ ប៉ុន្តែវាអនុញ្ញាតឱ្យរថយន្ដបង្កើនល្បឿនពី 0 ទៅ 60 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ 4.2 វិនាទីប៉ុណ្ណោះ។ នេះបើយោងតាម Motor Trend ។

រថយន្ដ Z8 របស់លោក Jobs នឹងត្រូវដាក់ដេញថ្លៃនៅថ្ងៃពុធ ទី6 ខែធ្នូ ឆ្នាំ 2017 ខាងមុខនេះ ដែលជាផ្នែកមួយនៃព្រឹត្តការណ៍ “New York – Icons” របស់ក្រុមហ៊ុន Sotheby។

Fu

ខ្មែរណូត

ប្រភព៖ idropnews

COMMENTS