ទាស់សំដីតិចតួច ៣នាក់បងប្អូនព្រួតគ្នាវាយស្ត្រីចំណាស់ម្នាក់បែកមុខបែកមាត់

រាជធានីភ្នំពេញ៖​​ ស្ត្រី៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាព្រួតគ្នាវាយមកលើស្រ្តីវ័យចំណាស់ម្នាក់ បណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង ៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សូ អូន អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ចំណែកឯជនដៃដល់ទាំង៣នាក់មានទី១-ឈ្មោះ ឯ​ក ស្រីពៅ ទី២-ឈ្មោះ សំ ស្រីភា និងទី៣-ឈ្មោះ អៃ សោភ័ណ្ឌ អ្នកទាំង៣នាក់ជាបងប្អូននឹងគ្នា​។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកអង្គុយលេងបៀជាមួយឈ្មោះ ហេង សុផល ដែលត្រូវជាម្តាយជនដៃដល់ ក្រោយមកអ្នកទាំង២មានទំនាស់ពាក្យសម្តីនឹងគ្នា ពេលនោះជនសង្ស័យ ឯក ស្រីពៅ បានដើរមកសួរនាំរហូតមានការវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ហើយក៏ជនសង្ស័យ២នាក់ទៀតឈ្មោះ សំ ស្រីភា និងអៃ សោ​ភ័ណ្ឌ បានចូលមកព្រួតគ្នាវាយជនរងគ្រោះដួលទៅលើដី រួច ឯក ស្រីពៅ បានទៅយកដុំថ្មវាយមុខជនរងគ្រោះរហូតរង់របួស ក្រោមភ្នែកខាងស្តាំមួយកន្លែង លើថ្ងាស់មួយកន្លែង លើចញ្ចើមខាងឆ្វេងមួយកន្លែង និងក្បាលបណ្តាលឲ្យរបួសជាទម្ងន់ រួចជនសង្ស័យទាំង៣ក៏នាំគ្នាគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ទាំង៣ ហើយបញ្ចូនខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

COMMENTS